ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី លោក មុត ខៀវ រម្លឹកថ្លៃប្រវត្តិសាស្ត្រចំនួន៤ដែលសម្ដេចតេជោមានគុណបំណាច់សម្រាប់ជាតិ
ភ្នំពេញ៖ ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក មុត ខៀវ បានរម្លឹកនូវថ្ងៃប្រវត្តិសាស្ត្រចំនួន ៤ ដែលពលរដ្ឋគួរចងចាំនូវវីរភាពនិងការលះបង់របស់សម្ដេចតេជោចំពោះជាតិមាតុភូមិរំដោះពីកណ្ដាប់ដៃខ្មែរក្រហម។
ថ្លែងក្នុងបុណ្យក្នុងវត្តពោធិ៍សុវណ្ណារាម ហៅវត្តត្រពាំងល្ពៅ ស្ថិតក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ លោក មុត ខៀវ បានលើកឡើងថា ថ្ងៃប្រវត្តិសាស្ត្រទាំង៤ ដែលពលរដ្ឋខ្មែរត្រូវចងចាំពីការលះបង់របស់សម្ដេចតេជោនោះគឺ ថ្ងៃដែលសម្ដេចភៀសខ្លួនទៅវៀតណាម ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ថ្ងៃរំដោះជាតិថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងថ្ងៃដែលនាំកម្ពុជារួបរួមជាថ្មីនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
លោក មុត ខៀវ បន្ថែមថា៖ «សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកននយោបាយ ឈ្នះ ឈ្នះ បាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិដែលមិនធ្លាប់មាននៅកម្ពុជាក្នុងរយៈពេលជាង ៥០០ឆ្នាំ កន្លងមកនេះ»។
រដ្ឋលេខាធិការ មុត ខៀវ បានបន្ថែមថា ក្នុងការតស៊ូរំដោះជាតិមាតុភូមិនេះសម្ដេចតេជោបានឆ្លងកាត់សង្គ្រាម ១០៥លើក និងត្រូវរងរបួស ៥ដង និងពិការភ្នែកម្ខាង តែការលះបង់នេះហើយទើបនាំត្រឡប់មកវិញ នូវអាយុ ជីវិតប្រជាជនកម្ពុជារាប់លាននាក់ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសុខសន្តិភាពជូនជាតិ មាតុភូមិដ៏កម្សត់មួយនេះ។
លោកបន្ថែមថា សម្ដេចតេជោ មិនត្រឹមតែជាមេទ័ពដ៏ខ្លាំងនោះទេថែមទាំងជាមេដឹកនាំដ៏ពូកែថែមទៀតហើយអ្វីដែលអាចបញ្ជាក់បានពីស្នាដៃរបស់សម្ដេចតេជោនោះគឺសន្ដិភាព សណ្ឋាប់ធ្នាប់ សុខមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍដែលកម្ពុជាទទួលបានក្នុងពេលបច្ចុប្បន្ននេះ។
លោកក៏បានរម្លឹកពីស្នាដៃធំៗរបស់សម្ដេចតេជោនៅប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ ដែលរួមមានការដឹកនាំដ៏ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការដឹកនាំប្រជុំអាស៊ានឆ្នាំ២០២៣ ដែលធ្វើឱ្យកម្ពុជាកាន់តែមានឈ្មោះល្អៗបោះសំឡេងលើឆាកអន្តរជាតិកាន់តែខ្លាំង។
ក្នុងឱកាសនោះលោកក៏សំណូមពរដល់ប្រជាពលរដ្ឋឱ្យបន្តទុកចិត្តដល់រដ្ឋាភិបាលនិងបន្តបោះឆ្នោតជូនគណបក្សប្រជាជនឱ្យបានគ្រប់ៗគ្នាផងដែរ ខណៈការបោះឆ្នោតជាតិឆ្នាំ២០២៣ ថ្ងៃទី២៣ ខែកក្កដា កាន់តែខិតជិតចូលមកដល់៕