សាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃបើកវគ្គបណ្ដុះបណ្ដាលពីការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ
សាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាព ឯកឧត្តម គង់ ចាន់ថន នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សូរ្យ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ។
នាឱកាសនោះ ឯកឧត្តម គង់ ចាន់ថន ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុ និងបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុសកល ហើយរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវលិខិតបទដ្ឋាន និងគោលនយោបាយជាតិជាច្រើន រួមមានជាអាទិ៍ យុទ្ធសាស្ត្រចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការយុទ្ធសាស្ត្រ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិផងដែរ។
ឯកឧត្តមបន្តថា ជាក់ស្ដែង កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) បានកំណត់អំពីការគ្រប់គ្រងការកាត់បន្ថយភាពងាយ រងគ្រោះពីការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា ដែលជាសមិទ្ធផលរំពឹងទុកនៃការគ្រប់គ្រងការកាត់បន្ថយភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា ក្នុងនោះរដ្ឋបាលថ្នាក់ក្រោមជាតិអាចវាយតម្លៃ គ្រប់គ្រង និងឆ្លើយតបដោយប្រសិទ្ធភាពទៅនឹងភាពងាយរងគ្រោះ នៃការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវ ដើម្បីគាំទ្រសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រី ដើម្បីបង្ការ និងដោះស្រាយពីការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ និងការកសាងភាពធន បន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ដោយមាសមាសភាពចូលរួមចំនួន ៥៥រូប ក្នុងនោះស្រី ០៥រូប ដែលរៀបចំឡើងមានរយៈពេលចំនួន ០៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣៕