ប៉ូលិសខេត្តកណ្តាលបង្ក្រាបស្ថាបនិកក្រុម Tongo ប្រចាំក្រុងតាខ្មៅបាន២នាក់ភ្លាមៗបន្ទាប់ពីប្រើកាំបិតកាប់កៅអីនិងគប់ដុំថ្មនៅក្នុងហាងកាហ្វេ
ដោយអនុវត្តន៍តាមបទបញ្ជារដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលកណ្ដាល កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវនិងបង្ក្រាបក្រុមជនក្មេងទំនើងបាន២នាក់ជាស្ថាបនិកក្រុម Tongo ហើយក៏កំពុងដុតដៃដុតជើងស្រាវជ្រាវតាមចាប់ខ្លួនបក្សពួកជាបន្តបន្ទាប់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ លាប សប្តាហ៍ ហៅ ស៊ីមេន ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ត្រូវបានឃាត់ខ្លួន។
២-ឈ្មោះ ហេង សុផានិត ហៅក្លូរ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងអាគារវប្បធម៌ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ៖មិនពិតប្រាកដត្រូវបានឃាត់ខ្លួន។ ៣-ឈ្មោះ ងីម គីមហួត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ៖មិនពិតប្រាកដកំពុងគេចខ្លួន។ ៤-ឈ្មោះ ហៅក្រៅ ក្បាលធំ ភេទប្រុស អាយុប្រហែល ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដកំពុងតគេចខ្លួន។ ៥-ឈ្មោះ ចន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនស្គាល់កំពុងគេចខ្លួន។ ៦.មិនស្គាល់ឈ្មោះ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅមិនស្គាល់កំពុងគេចខ្លួន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៧៖០០នាទី ជនរងគ្រោះកំពុងអង្គុយលក់កាហ្វេដូចសព្វដង ពេលនោះស្រាប់តែជនសង្ស័យមួយក្រុមមានគ្នាចំនួន៦នាក់ខាងលើ បានជិះម៉ូតូចំនួន០៣គ្រឿងដោយដៃមានកាន់កាំបិតបុ័ងតោចំនួន០៣ដើម និងដុំថ្មចំនួន០១ដុំ មកដល់ហាងកាហ្វេក៏ចុះពីលើម៉ូតូដើរចូលក្នុងហាងកាហ្វេស្រែកគំរាមគេឯងនិងយកកាំបិតកាប់ទៅលើកៅអីជ័របណ្តាលឲ្យខូចខាត រួចហើយក៏នាំគ្នាឡើងជិះម៉ូតូហើយគប់ដុំថ្មចូលមកក្នុងហាងថែមទៀតផងនិងជិះម៉ូតូចេញបាត់អស់។
ក្រោយមកជនរងគ្រោះបានខលទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចក្រុងតាខ្មៅសហការជាមួយប៉ុស្តិ៍តាខ្មៅឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួមទាំងវត្ថុតាងយកមកសួរនាំនៅអធិការនគរបាលក្រុងតាខ្មៅនិងចាត់ការតាមនិតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួននិងបក្ខពួកពិតជាបានកាន់កាំបិតបុ័ងតោ ដើរចូលទៅក្នុងហាងកាហ្វេ ស្រែកគំរាម និងកាប់បំផ្លាញកៅអីជ័រចំនួន១ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំងពីរបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕