អ្នកក្រីក្រមានផ្ទុកមេរោគអេដស៍ជាង២០០នាក់ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជាខេត្តណ្ដាល

កណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាលនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣បានយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ ចំនួន២៤៥នាក់នៅក្នុងវត្តព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មានឱកាសនោះលោក គង់ សោភ័ណ្ឌ បាននាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ លោកបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំទប់ស្កាត់ការរាលដាលមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់ដល់អ្នកផ្ទុកមេរោគអេដស៍ អ្នករងផលប៉ះពាល់ពីមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងការទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឱ្យកាន់តែទូលំទូលាយថែមទៀត។

គួរជម្រាបជូនថា អំណោយក្នុង១ម្នាក់ៗទទួលបាន អង្ករ២៥គីឡូ មី១កេស ត្រីខកំប៉ុង១យួរ ទឹកសុទ្ធ១កេស ទឹកត្រី ១យួរ ម៉ាស១ដុំ អាវរងា១កញ្ចប់ សាប៊ូ១ដុំ៕

អត្ថបទដែលជាប់ទាក់ទង