លោកមេប៉ុស្តិ៍ស្រែចារត្រូវបានស្នងការនគរបាលខេត្តក្រចេះចេញសេចក្ដីសម្រេចផ្អាកការងារជាបណ្តោះអាសន្នហើយ

 

លោកមេប៉ុស្តិ៍ស្រែចារត្រូវបានស្នងការនគរបាលខេត្តក្រចេះចេញសេចក្ដីសម្រេចផ្អាកការងារ ជាបណ្តោះអាសន្នហើយ និងបញ្ជាឱ្យបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ ពាក់ព័ន្ធនឹងករណីអនុវត្តតួនាទីមិនត្រឹមត្រូវបង្ករឿងជាមួយនឹងការសម្តែងល្ខោននៅវត្តអូរលុង។ នេះបើតាមអ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ។

ប្រភពបន្តថា «បន្ទាប់ពីទទួលព័ត៌មានលើបណ្តាញសង្គមថា មានមេប៉ុស្តិ៍ស្រែចារ បានទៅឃាត់ការសម្ដែងសិល្បៈល្ខោនក្នុងពិធីបុណ្យកឋិនទាននៅវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្នងការនគរបាលខេត្ត បានធ្វើការចាត់ក្រុមប្រឹក្សាវិន័យ ស្រាវជ្រាវ និងកោះហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ មកសាកសួរបំភ្លឺពិតជាបានសួររកលិខិត អនុញ្ញាត និងបង្កឲ្យមានការរំខានក្នុងការសម្ដែងពិតប្រាកដ។ ក្រុមប្រឹក្សាវិន័យ បានសម្រេចដាក់វិន័យ ចំពោះលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ដោយផ្អាកការងារជាបណ្ដោះអាសន្ន និងមកបង្ហាញ មុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ»។

ទាក់ទិនករណីខាងលើ ស្នងការដ្ឋាននគរបាលខេត្តសូមធ្វើការអភ័យទោសចំពោះកំហុសឆ្គងរបស់មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្ត។ ជាមួយនោះ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក៏បានថ្លែងអំណរគុណ និងត្រៀមដើម្បីទទួលរាល់កិច្ចសហការមតិរិះគន់ដើម្បីស្ថាបនានានា ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្ដាញផ្សព្វផ្សាយសង្គមព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង