រដ្ឋមន្រ្តី នេត្រ ភក្ត្រា នឹងដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ «Zero Fake News»
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារនីតិកម្មក្រសួងព័ត៌មាន បានបញ្ជាក់ថា ឯកឧត្តមនឹងដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ «Zero Fake News » នៅក្នុងក្របខណ្ឌ សិទ្ធិទទួលបានព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន។
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថា យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនេះ គឺជាការផ្លាស់ប្តូរឥរិយាបទប្រជាជនឲ្យយល់ដឹងអំពីព័ត៌មានក្លែងក្លាយដែលជាកិច្ចការងារដ៏សំខាន់។
ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនថា ប្រទេសកម្ពុជាបានត្រៀមធ្វើការចែករំលែកនូវបទពិសោធន៍ទាក់ទងការប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយប្រទេសជប៉ុនតាមប្រពន្ធ័អនឡាញ នាពេលខាងមុខនេះ៕