គណៈមេធាវីកម្ពុជា-ឥណ្ឌាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការចែករំលែកចំណេះដឹង និងបទពិសោធន៍ច្បាប់

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ច័ន្ទតុលា នៅវេលាម៉ោង៥:០០នាទីល្ងាច ម៉ោងនៅប្រទេសឥណ្ឌា ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ឯកឧត្តម Prashant Kumar ប្រធានគណៈមេធាវីនៃសាធារណរដ្ឋឥណ្ឌា នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការលើការងារចែករំលែកចំណេះដឹង បទពិសោធន៍ច្បាប់ ជាពិសេសចែករំលែកព័ត៌មានអំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងមេធាវីបរទេស ជួយគ្នាទៅវិញទៅមកក្នុងការផ្សាយអត្ថបទច្បាប់រវាងប្រទេសទាំងពីរ ការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នា និងការផ្លាស់ប្តូរកម្មសិក្សាមេធាវីនៅក្នុងប្រទេសទាំងពីរ។

នាឱកាសនោះ ឯកឧត្តមប្រធានគណៈមេធាវីកម្ពុជាបានសំដែងអំណរសាទរចំពោះកិច្ចសហការល្អនៃគណៈមេធាវីទាំងពីរ និងបានជម្រាបជូនសមភាគី ពីកម្មវិធីលើកកម្ពស់ ទេពកោសល្យច្បាប់ជូនមេធាវី ពិសេសមេធាវីវ័យក្មេង គម្រោងនៃការរៀបចំការប្រកួតកីឡាអន្តរជាតិពានរង្វាន់គណៈមេធាវី និងសិក្ខាសាលាអន្តរជាតិស្តីពីជំនួយផ្លូវច្បាប់និងសិទ្ធិទទួលបានយុត្តិធម៌ ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង