គណៈប្រតិភូសភាកម្ពុជាចូលរួមអនុម័តទៅលើសេចក្តីសម្រេច ចំនួន១០ របស់សភាអាស៊ី-ប៉ាស៊ីហ្វិក
គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភាបានចូលរួមអនុម័តទៅលើសេចក្តីសម្រេចចំនួន១០ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣១ ដែលធ្វើឡើងនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីត្រឡប់មកពីចូលរួមកិច្ចប្រជុំនេះ កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម ឈិត គឹមយាត សមាជិកព្រឹទ្ធសភា បានឱ្យដឹងថា សេចក្តីសម្រេចទាំង១០ ដែលសភាកម្ពុជាចូលរួមអនុម័តជាមួយបណ្តាប្រទេសជាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកមានដូចជា៖ *១៖ សេចក្តីសម្រេចស្តីពីការពង្រឹងសមត្ថភាពតំណាងរាស្ត្រ ក្នុងការលើកស្ទួយសន្តិភាព និងស្ថិរភាពតំបន់, *២៖ សេចក្តីសម្រេចស្តីពីការប្រយុទ្ធប្រឆាំងឧក្រឹដ្ឋកម្មឆ្លងដែន, *៣៖ សេចក្តីសម្រេចស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ, *៤៖ សេចក្តីសម្រេចស្តីពីការគិតគូរឡើងវិញទៅលើហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់, *៥៖ សេចក្តីសម្រេចស្តីពីការអភិវឌ្ឍមូលធនមនុស្ស និងកំណើនប្រកបដោយបរិយាប័ន្ន, *៦៖ សេចក្តីសម្រេចស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ដើម្បីដោះស្រាយបញ្ហា បម្រែបម្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងការកាត់បន្ថយហានិភ័យនៃគ្រោះធម្មជាតិ, *៧៖ សេចក្តីសម្រេចស្តីពីសមភាពយេនឌ័រ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព, *៨៖ សេចក្តីសម្រេចស្តីពីការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្រ្តី, *៩៖ សេចក្តីសម្រេចស្តីពីកិច្ចសហប្រតិបត្តិការថ្នាក់តំបន់តាមរយៈការអប់រំ និងវប្បធម៌, *១០៖ សេចក្តីសម្រេចស្តីពីការថែទាំសុខភាពជាសាកលនៅអាស៊ីប៉ាស៊ីហ្វីក។
ឯកឧត្តមបន្តថា សភាកម្ពុជាបានសហការស្នើឡើងនូវសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥ ដែលគ្របដណ្តប់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងសមាជិកសភាជាស្ត្រី ខណៈវេទិកាទាំងមូលសុទ្ធតែឯកភាពគ្នាថា សភាទាំងអស់នៅអាស៊ីប៉ាស៊ីហ្វិក គួរតែដើរតួនាទីឱ្យកាន់តែសកម្ម និងសំខាន់ឡើង នៅក្នុងវិស័យការទូតសភា ដោយមានការយោគយល់ និងគោរពគ្នាទៅវិញទៅមក ដើម្បីរួមចំណែក ថែរក្សាសន្តិសុខ និងបង្កើតច្បាប់ដែលជួយជំរុញដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចនៅក្នុងតំបន់។
អង្គវេទិកា បានអំពាវនាវឱ្យជួយជំរុញឱ្យមានតំណាងរាស្ត្រស្ដី្រឱ្យបានច្រើន ហើយថែមទាំងបានសម្រេចឱ្យបង្កើតគណៈកម្មការសភាវ័យក្មេងមួយ ស្មើមុខស្មើមាត់ដូចគណៈកម្មការដទៃទៀតរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។ ដោយឡែក សិទ្ធិនៃការប្រើប្រាស់លំហសមុទ្រ និងសន្តិសុខនៅឧបទ្វីបកូរ៉េ ក៏ជាប្រធានបទក្តៅគគុកពីរដែលនាំឱ្យមានការជជែក ពិភាក្សាគ្នាយ៉ាងផុសផុល ប៉ុន្តែនៅទីបញ្ចប់ តំណាងសភាពាក់ព័ន្ធបានឈានទៅដល់ចំណុចរួមមួយ ដែលធ្វើឱ្យវេទិកាទាំងមូលអាចអនុម័តសេចក្តីសម្រេចទាំង១០បាន។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយអតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ ដើម្បីជំរុញយន្តការសភាក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោកដោយចីរភាព។ បច្ចុប្បន្ន វេទិកានៃសភាថ្នាក់តំបន់មួយនេះ មានសមាជិកពេញសិទ្ធិចំនួន២៨ប្រទេស ហើយ សភាកម្ពុជាបានចូលជាសមាជិកនៅក្នុងឆ្នាំ១៩៩៥ និងបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ កាលពីខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប៕