ស្នងការខេត្តបន្ទាយមានជ័យបន្តជ្រើសរើសកីឡាករល្អៗ ដើម្បីត្រៀមប្រកួតដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាលសួសុខទុក្ខ និងបាននាំយកថវិកាចំនួន ៨.០០០.០០០រៀល ឧបត្ថម្ភដល់ក្រុមកីឡាករបាល់ទះ និងលោកគ្រូបង្វឹក។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមលោកគ្រូបង្វឹក និងក្រុមកីឡាករបាល់ទះទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាព ក្នុងនាមជាអ្នកកីឡា ទោះបីជាលទ្ធផលបែបណា ក៏នៅតែមានស្នាមញញឹម។ ជាមួយនោះ លោកស្នងការបានឧបត្ថម្ភថវិកាដល់កីឡាករក្នុង១នាក់ចំនួន៤០០.០០០រៀលដល់ក្រុមកីឡាករ និងក្រុមលោកគ្រូបង្វឹក។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះក៏បានលើកទឹកចិត្ត និងជម្រុញដល់ក្រុមគ្រូបង្វឹកត្រូវបន្តជ្រើសរើសកីឡាករល្អៗ រកអ្នកជំនាញមកជួយបង្ហាត់ឲ្យកាន់តែមានសមត្ថភាព ទាំងបច្ចេកទេសនិងគុណភាពបន្ថែមទៀត ដើម្បីត្រៀមប្រកួតដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤នាពេលខាងមុខ។

គួរបញ្ជាក់ថា ក្លឹបកីឡាករបាល់ទះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដែលមានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យជាស្ថាបនិក។

ក្លឹបបាល់ទះ ក៏ធ្លាប់បានបញ្ជូនក្រុមកីឡាកររបស់ខ្លួនដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ចំនួន២លើក ឆ្នាំ២០២២និង២០២៣។ ហើយក៏ធ្លាប់បានចួលរួមប្រកួតកីឡាបាល់ទះថ្នាក់ខេត្តនៅតំបន់បឹងជង្រុក ស្រុកម៉ាឡៃ ទទួលបានជ័យជំនះជាម្ចាស់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង