រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីអកអំបុកតាមប្រពៃណីទំនៀមទំលាប់ពីដូនតានៅរមណីយ៏ដ្ឋានវត្តភ្នំ


ស្របពេលដែលប្រជាពលរដ្ឋកំពុងតែសប្បាយរីរាយក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកដែលជាប្រពៃណីទំនៀមទំលាប់បន្សល់ទុកតាំងពីដូនតាមក រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឲ្យិមានពិធីអកអំ បុកនៅរមណីយ៏ដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំដែលជាបេះដូង និងជានិមិត្តរូបនៃរាជធានីភ្នំពេញនាពេលរាត្រីថ្ងៃ១៥កើតពេញបរមី ខែកត្តិក ឆ្នាំថោះព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧វិច្ឆិកា ឆ្នាំ ២០២៣ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម​ កេីត​ ឆែ​ អភិបាលរងរាជធានីភ្នំពេញតំណាអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម​ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញដែលពិធីនេះត្រូវបានខកខានមិនបានប្រារព្វធ្វើតាំងពីឆ្នាំ៣ឆ្នាំមុនដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានប្រារព្វពិធីនេះឡើងវិញចំថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក។

ពិធីនេះក៏ត្រូវបានរៀបចំធ្វើឡើងវិញជាលើកដំបូងផងដែរក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ដែរថា នេះក៏ជាព្រះរាជពិធីមួយដែលប្រារព្វនៅក្នុងព្រះរាជវង្សានុវង្ស រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ក៏និយមប្រារព្វពិធីនេះតាមផ្ទះសម្បែងរៀងៗខ្លួន តាមស្ថាប័ន អង្គភាព និងតាមវត្តអារាមផងដែរ។

ចំពោះគ្រឿងរណ្តាប់សំខាន់ដែលគេយកមកប្រើក្នុងពិធីអកអំបុកមាន៖ អំបុក,ចេកទុំ,ដូងខ្ចី ផ្កាភ្ញីរួមទាំងគ្រឿងសក្ការះបូជាមួយចំនូនទៀត។ពិធីនេះភាគច្រើនគេប្រារព្វឡើងនៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ដែលជាថ្ងៃព្រះចន្ទ័រះ  ពេញបរមី និងពេញរង្វង់មូល ហើយពិធីនេះក៏បានផ្សាភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបផងដែរ។

សព្វថ្ងៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ត្រូវបានពលរដ្ឋទូទាំងប្រទេសប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថា ជាបុណ្យប្រពៃណីវប្បធម៏ជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀត។

ទាក់ទងទៅនឹងពិធីនេះដែរ ប្រជាកសិករបានយកស្រូវទុំថ្មីៗទៅលីង ហើយបុករួចអុំយកអង្កាមចេញស្អាតដាក់សែនថ្វាយទេវតាចំពេលព្រះចន្ទ័រះពេញវង់ ដើម្បីសំដែងការដឹងគុណទេវតាដែលបានប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណីធ្វើឲ្យដំណាំសព្វសារពើដុះដាល ហើយទទួលបានភោគផលកសិកម្មបានច្រើន។ នេះបើយោងតាមព្រះចៅអធិការវត្តសាមគ្គីរង្សី ព្រះនាម សៀង សុវណ្ណារ៉ា បានមានសង្ឃដីកាឲ្យដឹង។

ពេលអកអំបុកគេរងចាំដល់ព្រះខែរះពេញវង់ចំពីលើក្បាលទើបចាប់យកអំបុកទៅជូនអ្នកមានគុណចាស់ទុំមិត្តភក្រ័អកក្នុងភាពសប្បាយរីករាយមុនអកអំបុកគេត្រូវដាក់អំបុកថ្វាយព្រះខែជាមុនសិនដោយមានអមដោយផ្លែឈើចំរុះ ពិសេសផ្លែដូង ចេកណាំវ៉ាទុំជាដើមដាក់ថ្វាយជាការដឹងគុណដល់ព្រះពោធិសត្វដែលចាប់កំណើតជាសត្វទន្សាយដោយមានរូបដិតជាប់ក្នុងរង្វង់ព្រះខែតាមដំណើររឿងព្រេងរវាងព្រាហ្ម និងសត្វទន្សាយជាព្រះពោធិសាត់។

ក្រុមព្រាហ្មណ៍ក៏ចាប់ផ្តើមសន្យាថា៖នឹងថ្វាយស្រូវ ផ្លែឈើ ភោគផលកសិកម្មដែលដាំដុះបានក្នុងមួយឆ្នាំៗដាក់ថ្វាយសត្វទន្សាយពោធិសត្វនៅពេលព្រះចន្ទ័  ពេញបរមីនាថ្ងៃ១៥កើតខែកត្តិកដែលគេអាចមើលឃើញរូបទន្សាយច្បាស់នៅថ្ងៃនោះក្នុងរង្វង់ព្រះខែ។

យោងតាមឯកសារដែលផ្សាយលើគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានបញ្ជាក់ពីប្រវត្តិនៃពិធីសំពះព្រះខែ និងអកអំបុក គឺធ្វើឡើងសំដៅគោរពទៅដល់ការសាងបារមីរបស់ព្រះពុទ្ធកាលដែលព្រះអង្គនៅជាព្រះពោធិសត្វនៅឡើយ ដែលកាលនៅក្នុងជាតិមួយនោះទ្រង់កើតជាសត្វ ទន្សាយឈ្មោះថា៖សសបណ្ឌិត។

ឯកសារដដែលបញ្ជាក់ថា៖នៅថ្ងៃដែលព្រះចន្ទពេញបរមី ឬពេញវង់ ទន្សាយសសបណ្ឌិតបានធ្វើការអធិដ្ឋានឧបោសថសីលរបស់ខ្លួនដោយបំណងធ្វើជីវិតសំរាប់បរិច្ចាកដើម្បីបំពេញនូវពោធិសម្ភារឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ៕

អត្ថបទដែលជាប់ទាក់ទង