នៅទីបំផុត, តុលាការសម្រេចឃុំខ្លួនជនដែលបានវាយក្បាលសន្តិសុខមួយពិល ហើយ

នៅទំបំផុត! តុលាការសម្រេចឃុំខ្លួនជនដែលវាយក្បាលសន្តិសុខមួយពិលហើយ ក្រោយតំណាងអយ្យការ បានធ្វើការចោទប្រកាន់ពីបទ ហិង្សាដោយមានស្ថានទម្ងន់ទោស។ នេះបើយោងតាមការឲ្យដឹងពីលោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើតាមអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានឲ្យដឹងថា បុគ្គលឈ្មោះ ហ៊ូ សុធា អាយុ ៥២ឆ្នាំ ត្រូវបានលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង ចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា ផ្ទុះការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម ដែលមន្ត្រីយោធារូបនេះ អាងអំណាច អាងបុណ្យស័ក្តិរបស់ខ្លួន ទៅផឹកស្រាស្រវឹងបង្កអំពើហិង្សាទៅលើជនរងគ្រោះ ព្រមទាំងជេរប្រមាថ និងគំរាមបាញ់ទៅលើសមត្ថកិច្ចមូលដ្ឋានដែលចុះទៅជួយអន្តរាគមន៍ទៀតផង។

តាមសេចក្តីរាយការណ៍មួយចំនួន ពីអ្នកដែលធ្លាប់ស្គាល់ជននេះ បានឲ្យដឹងថា កន្លងទៅជននេះធ្លាប់បង្កបញ្ហា និងប្រព្រឹត្តបទល្មើសហិង្សាជាច្រើន ប៉ុន្តែមិនមាននរណាម្នាក់អាចធ្វើអ្វីទៅលើជននេះបានឡើយ ដែលធ្វើឲ្យជននេះរឹតតែបានចិត្ត ហើយប្រើអំណាចគាបសង្កត់គេឯង។

សូមជម្រាបថា ជនដែលបបង្កអំពើហិង្សាលើសន្តិសុខ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន ក្រោយជនបង្ករូបនេះបានប្រើហិង្សាដោយ វាយសន្តិសុខមួយពិល បណ្តាលឱ្យបែកលើផ្ទៃមុខរងរបួសធ្ងន់ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រចូលថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង