រឿងរ៉ាវដ៏មហាកំសត់របស់សិស្សនិទ្ទេស A ឈ្មោះ អន ផានិត ធ្វើឲ្យរំជើបរំជួលដល់សម្តេចតេជោ ហ៊ុន សែន
រឿងរ៉ាវដ៏មហាកំសត់របស់សិស្សនិទ្ទេស A ឈ្មោះ អន ផានិត នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានធ្វើឲ្យរំជើបរំជួលដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រកាសថា នឹងជួយទំនុកបម្រុងសិស្សនិទ្ទេស A ដែលក្រខ្សត់ម្នាក់ ឈ្មោះ អន ផានិត និងក្រុមគ្រួសារមានឪពុកម្តាយជាជនមានពិការភាពរស់នៅក្នុងខេត្តកំពត ដែលជួបការលំបាក ឱ្យបានរៀនសូត្រ និងរស់នៅសមរម្យឡើងវិញ។
តាមរយៈសារតាមបណ្តាញតេលេក្រាមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យ លោក សេង ទៀង ជំនួយការរបស់សម្តេចរៀបចំថវិកាដើម្បីជួយក្មេងប្រុសខាងលើ និងជួយសងបំណុល ដែលគ្រួសារក្មេងខាងលើជំពាក់គេផងដែរ។ បន្ថែមពីនេះ សម្តេចតេជោស្នើឱ្យរៀបចំកន្លែងស្នាក់នៅជាមួយ ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងអង្គរក្សរបស់សម្តេច ព្រមទាំងស្វែងរកសាលាឱ្យក្មេងនេះ រៀនជំនាញនៅសាកលវិទ្យាល័យ ព្រមទាំងទិញម៉ូតូ ថ្មីមួយគ្រឿងដើម្បីឱ្យយុវសិស្សក្រីក្រី អន ផានិត ដែលមានឪពុកម្តាយសុទ្ធសឹងតែជាអ្នកមានពិការភាពនោះ ធ្វើដំណើរទៅរៀននៅសាកលវិទ្យាល័យផងដែរ។ បន្ថែមពីនេះ សម្តេចក៏ណែនាំឱ្យរៀបចំសង់ផ្ទះថ្មីមួយជូនដល់គ្រួសាររបស់ យុវសិស្ស អន ផានិត ព្រមទាំងទំនុកបម្រុងថវិកាដល់គ្រួសារ១ខែ១លានរៀលផងដែរ។
គួរបញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុប ជាប់និទ្ទេស «A» ឈ្មោះ អន ផានិត រៀននៅវិទ្យាល័យសម្ដេចជាស៉ីម អង្គរជ័យ។ បច្ចុប្បន្នស្នាក់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ បើទោះបី ជីវភាពខ្វះខាត ហើយឪពុកម្ដាយមានពិការភាព ប៉ុន្ដែយុវជន អន ផានិត បានតស៊ូខិតខំប្រឹងប្រែងរៀនសូត្រ រហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់បាននិទ្ទេស «A» ហើយនៅថ្ងៃខាងមុខ មានបំណងចង់បន្ដសិក្សាផ្នែកវិស្វករសំណង់ផងដែរ៕