សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនីនៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីពិធីបិទស្ទឹង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ មេហ្កាវ៉ាត់ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ។
នាឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនី ដែលជាវិស័យដ៏អាទិភាពមួយ។ សម្រាប់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ច ព្រមទាំងបានកំណត់ទិសដៅ៖ ១-បន្តជំរុញការអភិវឌ្ឍវិស័យអគ្គិសនីឱ្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដោយក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ខិតខំរកមធ្យោបាយផ្គត់ផ្គង់អគ្គិសនីដល់ភូមិជាង១% ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ឱ្យទទួលបានអគ្គិសនីប្រើប្រាស់មុនឆ្នាំ២០៣០, ២-បន្តការធ្វើទំនើបកម្មលើការផ្តល់សេវាកម្មជូនដល់អតិថិជនប្រើប្រាស់អគ្គិសនី, ៣-បន្តពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃ និងបន្ថយថ្លៃលក់អគ្គិសនីឱ្យកាន់តែទាបជាងមុន, ៤-ជំរុញការចូលរួមរបស់កម្ពុជាក្នុងអន្តរកាលថាមពលឆ្ពោះទៅរកសង្គមអព្យាក្រឹតភាពកាបូនស្របតាមនិន្នាការពិភពលោកបច្ចុប្បន្ន, ៥-ជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការវិនិយោគ និងការធ្វើអាជីវកម្មផ្តល់សេវាកម្មអគ្គិសនី និង៦-ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងក្នុង និងក្រៅតំបន់លើវិស័យថាមពល។
សម្តេចនាយករដ្ឋមន្ត្រីបន្តទៀតថា ប្រទេសនីមួយៗមានភារកិច្ចមិនត្រឹមតែត្រូវធានាធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលមានគុណភាព ស្ថិរភាព ប្រសិទ្ធភាព និងថ្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវធ្វើយ៉ាងណាឱ្យវិស័យថាមពលឈានទៅរកអព្យាក្រឹតភាពកាបូន ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុរបស់ពិភពលោកផងដែរ។ ក្នុងន័យនេះ ក្រសួងរ៉ែ និងថាមពល ធ្វើជាស្ថាប័នដឹកនាំ និងសម្របសម្រួល លើការងារចំនួន ៥មានដូចជា៖១-ជំរុញអនុវត្តការងារប្រសិទ្ធភាពថាមពល ស្របទៅតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល២០២២-២០៣០ ដែល បានអនុម័ត និងស្របទៅតាមផែនការសកម្មភាពដែលបានគ្រោង។ ២-បញ្ឈប់ការអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាពដាក់ឱ្យរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មដែលមានស្រាប់បញ្ឈប់ដំណើរការមុនកាលកំណត់ ។ ៣-ធ្វើបច្ចុប្បន្នភាពផែនការមេឡើងវិញ ដើម្បីបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញបន្ថែមទៀត។ ៤-លើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី (EV) ដើម្បីធានានិរន្តរភាពនៃការប្រើប្រាស់ និងកាត់បន្ថយចំណាយ។៥- ធ្វើការងារការទូតផ្នែកថាមពលបៃតង ដើម្បីទាក់ទាញការគាំទ្រ និងការផ្តល់ហិរញ្ញប្បទានសម្បទានសម្រាប់ធ្វើការអភិវឌ្ឍ ។ លើលពីនេះ សម្តេច ក៏បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងរាជរដ្ឋាភិបាលចូលរួមសហការ និងសម្របសម្រួលជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាអាចសម្រេចបាននូវគោលដៅវិស័យថាមពល ដោយប្រើប្រាស់ថាមពលស្អាតឱ្យបាន៧០% យ៉ាងតិចនៅឆ្នាំ២០៣០ ដើម្បីឱ្យក្លាយទៅជាប្រទេសគោលដៅថាមពលស្អាត (Clean Energy Destination) សម្រាប់ការអភិវឌ្ឍ ។
សូមបញ្ជក់ផងដែរ បើតាមក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានទំហំប្រភពអគ្គិសនីសរុបចំនួន ៤.២៤៦,៧៧ មេហ្គាវ៉ាត់ ក្នុងនោះចំនួន ៣.១១៦,៤២ មេហ្គាវ៉ាត់ ស្មើនឹងជាង ៧៣ភាគរយ ជាប្រភពអគ្គិសនីបានពីការអភិវឌ្ឍក្នុងស្រុក ហើយចំនួន ១.១៣០,៧៥ មេហ្គាវ៉ាត់ ស្មើនឹងជាង ២៦ ភាគរយ ជាប្រភពអគ្គិសនីដែលបាននាំចូលពីប្រទេសជិតខាង ។ ប្រភពដដែលបានបង្ហាញទៀតថា សម្រាប់ការអភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនី បច្ចុប្បន្ននេះ មានខ្សែបញ្ជូនសរុបចំនួន ៣.៩៥៣គីឡូម៉ែត្រ និងមានអនុស្ថានីយចំនួន ៦៣ ដែលអាចបញ្ជូនប្រភពអគ្គិសនីដល់រាជធានី-ខេត្តចំនួន ២៥ ទូទាំងប្រទេស ។ គិតត្រឹមចុងឆ្នាំ២០២២ ផ្ទះរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសសរុបចំនួនប្រមាណ ៣,៧២ លានខ្នងផ្ទះ ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ ស្មើនឹងប្រមាណជិត ៩០ភាគរយ ។ ជាមួយគ្នានេះ ភូមិចំនួនជិត ១៤ ០០០ ស្មើនឹង ៩៨.២៧ ភាគរយ បានតខ្សែបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ ខណៈនៅសល់ភូមិចំនួនជាង ២០០ ប៉ុណ្ណោះ ស្មើនឹង១.៧៣ ភាគរយ មិនទាន់តខ្សែបណ្តាញអគ្គិសនីដោយសារភូមិទាំងនោះត្រូវបានចាត់ទុកថាជា «ភូមិដែលពិបាកទៅដល់»៕