សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើសុំការយោគយល់ពីប្រជាពលរដ្ឋនៅរុនតាឯក ចំពោះការលំបាកកើតពីការរើសលំនៅឋាន

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋនៅរុនតាឯក ចំពោះការលំបាកកើតពីការរើសលំនៅឋាន។ សម្តេចធិបតី បានអះអាងថា នឹងបន្តប្រឹងប្រែងអភិវឌ្ឍន៍រុនតាឯកឱ្យក្លាយទៅជាកន្លែងរស់នៅមួយដ៏ល្អប្រសើរ។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ក្នុងពិធីសំណេះ​សំណាលជាមួយប្រជាពលរដ្ឋ រស់នៅភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែងសរុបជិត៣ពាន់នាក់ ដោយពិធី​សំណេះ​​សំណាលនេះ ធ្វើឡើង នៅភូមិធម្មជាតិរុនតាឯក។

គួរជម្រាបជូនថា ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្ថិតស្ថិតនៅក្នុងឃុំ ពាក់​ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាភូមិឋានថ្មីដែលរាជរដ្ឋាភិបាលបង្កើតឡើង សម្រាប់ប្រជាពលរដ្ឋ​ដែល​​ផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋ ចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជា​សកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធររៀបចំប្រែក្លាយស្រុកបន្ទាយស្រី ទៅជាក្រុង។

ជាមួយនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីសម្រេចប្រគល់ក្របខណ្ឌដល់មន្ត្រីបណ្តែត៨រូប ដែលបម្រើការងារនៅមណ្ឌលសុខភាពរុនតាឯក។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអគ្គិសនីកម្ពុជា តបណ្តាញអគ្គិសនីជូនមណ្ឌលសុខភាពរុនតាឯកដោយមិនគិតថ្លៃ។

ក្នុងពិធីនោះ សម្តេចធិបតីណែនាំឱ្យដំឡើងមណ្ឌលសុខភាពរុនតាឯក ទៅជាមន្ទីរពេទ្យបង្អែកស្រុកកម្រិត១។

អ្វីកាន់តែពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់អគារសិក្សា១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ ជូនសាលារៀននៅរុនតាឯក៕

អត្ថបទដែលជាប់ទាក់ទង