រដ្ឋមន្ត្រីមហាផ្ទៃបណ្ដេញមន្ដ្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន១១នាក់ចេញពីក្របខ័ណ្ឌ ក្រោយតេស្ដរកឃើញសារធាតុញៀននៅក្នុងខ្លួន
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានចេញប្រកាសបណ្ដេញមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន១១នាក់ចេញពីក្របខ័ណ្ឌ ក្រោយតេស្ដរកឃើញសារធាតុញៀននៅក្នុងខ្លួន។ នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងប្រកាសបានឲ្យដឹងថា មន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទាំង១១នាក់ ដែលត្រូវបានបណ្ដេញចេញនេះ មានតួនាទីចាប់ពីមន្ដ្រី រហូតដល់នាយរងការិយាល័យ។
គួររំលឹកថា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាឲ្យបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង ចំពោះមន្ដ្រីនគរបាលរូបណាដែលតេស្ដរកឃើញមានសារធាតុញៀន។ ការដាក់បទបញ្ជាក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ ពីសំណាក់ឧបនាយករដ្ឋមន្ដ្រី ស សុខា បានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានព្រមានជាថ្មីម្ដងទៀត ចំពោះជនទាំងឡាយណាដែលពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន សូមដកខ្លួនចេញឲ្យឆ្ងាយ ខណៈអ្នកដែលដឹងថា ខ្លួនមានសារធាតុញៀន ក៏ត្រូវស្វែងរកវិធីសាស្ដ្រដើម្បីផ្ដាច់ចោល៕