អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជាបញ្ជាក់ថា « លោក ផែង វណ្ណៈ មានចេតនាបរិហារកេរ្តិ៍ និងញុះញង់ឱ្យមហាជនមានការយល់ច្រឡំអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍ នៅឆ្នាំ២០២៣នេះ»

បន្ទាប់ពីមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុកគណនីឈ្មោះ «PVN News» កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ របស់លោក ផែង វណ្ណៈ ថា «យើងត្រូវខឹងប៉ូលីសម៉េចកើត បើគ្រូប៉ូលីសពូកែតែ រឿងស្នេហា ពូកែតែរឿងអត្ថាធិប្បាយរឿងស្នេហា ដល់ឱ្យគាត់មកបង្រៀនប៉ូលីសម៉េចបាន។ ហើយមួយទៀត គាត់ជាអ្នកដាក់រើសក្របខ័ណ្ឌ ដាក់លក្ខខណ្ឌឱ្យមានការជ្រើសរើស គាត់មានកម្ពស់តែ ១,៥០ម៉ែត្រ ១,៦០ម៉ែត្រ ហើយគាត់ទៅដាក់លក្ខខណ្ឌឱ្យគេរើស ២ម៉ែត្រ។ បើរើស ២ម៉ែត្រ អឺចឹងនាយកសាលាធ្លាក់មុនគេព្រោះពួកគាត់ មានកម្ពស់តែ ១,៥០ម៉ែត្រ ១,៦០ម៉ែត្រហ្នឹង ហើយទៅដាក់ជ្រើសរើសក្របខ័ណ្ឌគេអីចឹង។ នេះហើយទើបខ្ញុំ មានទស្សនៈមិនពេញចិត្តការជ្រើសរើសថ្នាក់ដឹកនាំសាលា យកសមាសភាពចេញពីជនស៊ីវិល ជាមន្ត្រីស៊ីវិល ឱ្យមកគ្រប់គ្រងនេះ ខ្ញុំមិនគាំទ្រទេ ដោយសារតែគណៈគ្រប់គ្រងសាលាអត់ចេះបាញ់កាំភ្លើង អត់ចេះការងារ ស៊ើបអង្កេតផង មកឱ្យបង្រៀនការងារហ្នឹង។ មួយវិញទៀត មកគ្រប់គ្រងកងកម្លាំង មិនស្គាល់កងកម្លាំង មិនយល់ពីសុខទុក្ខកងកម្លាំង ហើយគាត់មកគ្រប់គ្រងកម្លាំងសុទ្ធតែជារឿងដែលខ្ញុំមិនពេញចិត្ត ប៉ុន្តែថ្នាក់លើ បានសម្រេចហើយ យើងមិនពេញចិត្តតែយើង ក៏ជារឿងឯកជនរបស់យើង ប៉ូលីសត្រូវយកប៉ូលីសមកបង្រៀនប៉ូ លីស បើយកជនស៊ីវិលមកបង្រៀនប៉ូលីស យកជនស៊ីវិលមករៀនប៉ូលីស ប៉ូលីសអត់រៀនជាមួយទេ»

អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជាបានបញ្ជាក់ថា លោក ផែង វណ្ណៈ មានចេតនាបរិហារកេរ្តិ៍ និងញុះញង់ឱ្យ មហាជនមានការយល់ច្រឡំអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍នៅឆ្នាំ២០២៣នេះ ចំនួន២ចំណុចរួមមាន

*ទី១-គាត់បានញុះញង់ថា នេះជាការជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាល។ តាមការពិត គឺជាការជ្រើសរើសនិស្សិតអាហារូបករណ៍ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលរយៈពេល៤ឆ្នាំ ដែលបានអនុវត្តជារៀងរាល់ឆ្នាំកន្លងមក ដោយមានគោលការណ៍អនុញ្ញាត ពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។ ក្នុងរយៈពេលសិក្សានេះ និស្សិតមិនទាន់ត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌទេ លុះត្រាតែបញ្ចប់ការសិក្សា៤ឆ្នាំដោយជោគជ័យទើបត្រូវតាំងស៊ប់ក្នុងក្របខ័ណ្ឌ ពោលគឺមិនមែនជាការជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដូចលោក ផែង វណ្ណៈ បានលើកឡើងនោះទេ។

*ទី២-គាត់បានញុះញង់ថា ប្រធានបណ្ឌិត្យសភាជាអ្នកកំណត់លក្ខខណ្ឌជ្រើសរើស។ តាមការពិត ការជ្រើសរើសនេះមិនមែនជាសមត្ថកិច្ចរបស់បណ្ឌិត្យសភានគរបាលកម្ពុជាទេ ពោលគឺជាសមត្ថកិច្ចរបស់គណៈកម្មការប្រឡងប្រជែងជ្រើសរើសរបស់ក្រសួងមហាផ្ទៃ ដោយមាន តំណាងបណ្ឌិត្យសភាមួយចំនួនចូលរួម។ គណៈកម្មការបានប្រើប្រាស់ទីតាំងបណ្ឌិត្យសភាសម្រាប់ដំណើរការជ្រើសរើសនេះ។ ដូច្នេះ គណៈកម្មការបានកំណត់លក្ខខណ្ឌជ្រើសរើស លក្ខខណ្ឌប្រឡង និងលក្ខខណ្ឌផ្សេងៗទៀត ពោលគឺ មិនមែនប្រធានបណ្ឌិត្យសភាកំណត់ លក្ខខណ្ឌតម្រូវឱ្យបេក្ខជនត្រូវមានកម្ពស់២ម៉ែត្រដូចលោក ផែង វណ្ណៈ បានលើកឡើង នោះទេ។ លក្ខខណ្ឌដែលគណៈកម្មការបានកំណត់ពិតប្រាកដគឺ បុរសកម្ពស់ចាប់ពី១.៧០ម៉ែត្រ និងនារីកម្ពស់ចាប់ពី១,៦០ម៉ែត្រឡើង ហើយទម្ងន់ត្រូវសមាមាត្រនឹងកម្ពស់ ព្រមទាំងលក្ខខណ្ឌ មួយចំនួនទៀត។ ម្យ៉ាងទៀត ការជ្រើសរើសនេះមានគោលការណ៍អនុញ្ញាត ត្រឹមត្រូវពីរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ។

នេះបើយោងតាមសេចក្តីបកស្រាយបំភ្លឺរបស់បណ្ឌិត្យសភានគរបាលកម្ពុជាដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។

ក្នុងសេចក្តីបកស្រាយបំភ្លឺបានបញ្ជាក់ថា ដោយសារតែការញុះញង់របស់លោក ផែង វណ្ណៈ បានធ្វើឲ្យសាធារណជន ជាពិសេសបេក្ខជនមានការភាន់ច្រឡំលើលក្ខខណ្ឌជ្រើសរើសដែលបង្ករឱ្យមានភាពចលាចលយ៉ាងខ្លាំង។ ជាក់ស្ដែងបេក្ខជនជាច្រើនបានទាក់ទងសួរមកក្រុមការងារផ្តល់ពាក្យនៃគណៈកម្មការប្រឡងប្រជែងជ្រើសរើសរបស់ក្រសួងមហាផ្ទៃ អំពីការកំណត់លក្ខខណ្ឌ កម្ពស់២ម៉ែត្រដូចការលើកឡើងរបស់លោក ផែង វណ្ណៈ មែនដែរឬទេ?

អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជាបានបញ្ជាក់ទៀតថា ការលើកឡើងរបស់លោក ផែង វណ្ណៈ គឺចង់និយាយសំដៅដល់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដោយយល់ថា ឯកឧត្តមប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា មកពីមន្ត្រីរាជការស៊ីវិល។ ចំណុចនេះ អ្នកនាំពាក្យសូមបញ្ជាក់ជូនថា ឯកឧត្តមប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា មិនធ្លាប់មានប្រវត្តិការងារជាមន្ត្រីរាជការស៊ីវិលទេ។ ឯកឧត្តម ពិតជាមានការយល់ដឹង និងបទពិសោធក្នុង ការងារអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាល ព្រមទាំងបានសិក្សាស្វែងយល់និងដកស្រង់បទពិសោធលើ ការងារបណ្តុះបណ្តាលនគរបាលនៅបណ្ដាប្រទេសជាច្រើន។ បន្ថែមលើនេះ ក្នុងការងារដឹកនាំបន្តវេនបច្ចុប្បន្ន ឯកឧត្តមប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ទទួលបានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រី និស្សិត សិក្ខាកាម និងសិស្សនគរបាលនៃបណ្ឌិត្យសភា ដោយសារឯកឧត្តម បានខិតខំដឹកនាំដើម្បីបន្តជំរុញការអភិវឌ្ឍ កសាងស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត បន្តពីអតីតប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការធានាបានការបណ្តុះបណ្តាលប្រកបដោយគុណភាព។ រីឯការដោះស្រាយវិបត្តិស្នេហាតាមវិទ្យុក្រៅម៉ោងបំពេញការងារ(ពេលយប់)ពីអតីតកាល គ្រាន់តែជាទេពកោសល្យ ពីធម្មជាតិមួយផ្នែករបស់ឯកឧត្តម ដើម្បីជួយការងារសង្គម តែប៉ុណ្ណោះ។

អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជាបានបញ្ជាក់បន្ថែមថា បណ្ឌិត្យសភានគរបាលកម្ពុជាមិន ដែលបានយកមន្ត្រីស៊ីវិលមកបណ្តុះបណ្តាលកងកម្លាំងនគរបាលអំពីជំនាញនគរបាល ដូចការលើកឡើងរបស់ លោក ផែង វណ្ណៈ នោះទេ។ បណ្ឌិត្យសភានគរបាលកម្ពុជាមានថ្នាក់ដឹកនាំគ្រប់កម្រិត សាស្ត្រាចារ្យ និងគ្រូ នគរបាលជាតិ មានជំនាញនគរបាលច្បាស់លាស់ ដែលជាធនធានមនុស្សគាំទ្រនិងបម្រើឱ្យការបណ្តុះបណ្តាល។

ទាក់ទិនករណីខាងលើ អ្នកនាំពាក្យរបស់បណ្ឌិត្យសភានគរបាលកម្ពុជា មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការលើកឡើង ក្នុងចេតនាបរិហារកេរ្តិ៍និងញុះញង់របស់លោក ផែង វណ្ណៈ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ ថ្នាក់ដឹកនាំនិងស្ថាប័នរដ្ឋ ព្រមទាំងធ្វើឱ្យមានការភាន់ច្រឡំពីសំណាក់សាធារណជនទូទៅ៕

អត្ថបទដែលជាប់ទាក់ទង