ស្នងការដ្ឋាននគរបាលខេត្តកណ្តាលអះអាងថា ទំព័រហ្វេសប៊ុកឈ្មោះ KCTV Cambodia យករូបភាពចាស់ៗទៅបង្ហោះ

បន្ទាប់ពីមានទំព័រហ្វេសប៊ុកឈ្មោះ KCTV Cambodia ដែលគេដឹងថា ក្រសួងព័ត៌មានមិនបន្តអាជ្ញាប័ណ្ណអោយ បានបង្ហោះខ្លឹមសារនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ថា៖ «វង់ល្បែងស៊ីសងនៅស្រុកស្អាង ស្រុកកោះធំ និងក្រុងសំពៅពូន គេលេងយ៉ាងគគ្រឹមគគ្រេង តែលោក ឈឿន សុចិត្ត ហាក់នៅសម្ងំស្ងៀមមិនឃើញឲ្យកូនចៅបង្រ្កាបឡើយ តើមានហេតុអ្វីទៅទាន់»។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ថា កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវពាក់ព័ន្ធទៅនឹងខ្លឹមសារនិងរូបភាពដែលបានយកមកផ្សព្វផ្សាយខាងលើភ្លាមៗ។

ជាលទ្ធផលឃើញថា ការបង្ហោះខ្លឹមសារខាងលើនេះគឺម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ KCTV Cambodia បានយករូបភាពចាស់ៗជាយូរណាស់មកហើយ ដោយកាលពីពេលនោះសមត្ថកិច្ចបានធ្វើការបង្រ្កាបជាបន្តបន្ទាប់ ព្រមទាំងបានឆ្លើយតបជូនសារធារណជនឲ្យបានជ្រាបរួចមកហើយដែរ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានបន្តបញ្ជាក់ថា ដោយឡែកពាក់ព័ន្ធទៅនឹងទីតាំងអនឡាញដូចក្នុងរូបភាពដែលបានចុះផ្សាយនេះ គឺជារូបភាពចាស់ដូចគ្នាដែលសមត្ថកិច្ចបានបង្រ្កាបកន្លងមក។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានអះអាងថា បច្ចុប្បន្នមិនមានរូបភាពបែបនេះនៅក្នុងមូលដ្ឋានស្រុកស្អាង កោះធំ និងក្រុងសំពៅពូនទៀតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង