អគ្គស្នងការបញ្ជាឲ្យសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់វាយប្រពន្ធឲ្យរងរបួស

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ពាក់ស័ក្តិ២ ដែលវាយប្រពន្ធឲ្យរបួសពេញខ្លួន។

«ដោយទទួលបានបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ កម្លាំងសមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់ លើករណីហិង្សាក្នុងគ្រួសារ ដែលប្រពឹត្តដោយប្តីជានគរបាលក្រសួងមហាផ្ទៃ លើប្រពន្ធបណ្តាលឲ្យរងរបួស»។ នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ។

ទោះបីជាយ៉ាងណា លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ពុំទាន់អាចបញ្ជាក់ជូនពីចំណាត់ការយ៉ាងណាលើមន្ត្រីនគរបាលនោះទេ ដោយលោកបញ្ជាក់ថានឹងជូនព័ត៌មានលម្អិត បន្ទាប់ពីបានចាត់ការលើករណីនោះរួចរាល់។

គួរជម្រាបថា ករណីអំពើហិង្សា ប្តីជាមន្ត្រីនគរបាលពាក់ស័ក្តិ២ វាយប្រពន្ធខ្លួនឯងឲ្យរបួសធ្ងន់ ត្រូវបានស្ត្រីរងគ្រោះបង្ហោះតាមបណ្តាញសង្គម Facebook ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ស្ត្រីជាប្រពន្ធឈ្មោះ Nhoem Sokleng បានបង្ហោះថា រូបនាងត្រូវបុរសជាប្តីឈ្មោះ ជា ប៊ុនថេង ជានគរបាលក្រសួងមហាផ្ទៃ ប្រើអំពើហិង្សា គំរាមកំហែងបាញ់សម្លាប់ និងប្រើពាក្យសំដីដៀល ជេប្រមាថ។ ជនរងគ្រោះបានអំពាវនាវ សូមឲ្យច្បាប់ជួយរកយុត្តិធម៌ជូនរូបនាងផង៕

អត្ថបទដែលជាប់ទាក់ទង