នាយករដ្ឋមន្ត្រីកម្ពុជាស្នើប្រធានមូលនិធិ នីប៉ុន បន្តជួយកម្ពុជាលើវិស័យអប់រំ និងសុខាភិបាល

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ប្រធានមូលនិធិ នីប៉ុន បន្តជួយដល់កម្ពុជាតទៅទៀត លើវិស័យអប់រំ វិស័យសុខាភិបាល និងការប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់ បន្ទាប់ពីការអនុវត្តរបស់មូនិធិនេះកន្លងមក មានភាពល្អប្រសើរ និងបានជួយដល់ប្រជាជនកម្ពុជាផងដែរ។

សំណើរនេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន និងលោក យូហេ សាសាការ៉ា ប្រធានមូលនិធិនីប៉ុន (The Nippon Foundation ) នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣។

ក្នុងជំនួបនោះ លោក សាសាកាវ៉ា បានជម្រាបជូន អំពីសកម្មភាពរបស់មូលនិធិសាសាកាវ៉ា នៅព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជាក់ថា មូលនិធិសាសាកាវ៉ានេះ គឺជាផ្នែកមួយនៃមូលនិធិ នីប៉ុន ហើយសព្វថ្ងៃនេះ មូលនិធិនេះ កំពុងតែមានសកម្មភាពលើវិស័យ និងការងារគោលដៅចំនួន៤រួមមាន៖

*ទី១-បង្កើតសាលាផលិតអវយវៈសិប្បនិម្មិត ដែលមានអាយុកាលប្រមាណ៣០ឆ្នាំមកហើយ ដោយសាលានេះ មានគុណភាពខ្ពស់ បច្ចេកទេសខ្ពស់ និងទទួលបានការគោរព និងមានប្រទេសចំនួន២៨បានបញ្ជូនសិស្សមកសិក្សាការផលិតអវយវៈសិប្បនិម្មិត នៅកម្ពុជា។

*ទី២-ជួយសិស្សានុសិស្សនៅតាមជនបទ តាមរយៈការបង្រៀនភាសាអង់គ្លេស និងផ្ដល់អាហាររូបករណ៍ ដល់សិស្សចំនួនប្រមាណ២៥០០០នាក់ ឱ្យបានទទួលការសិក្សា នៅភ្នំពេញផង និងនៅក្រៅប្រទេសផង។

*ទី៣-ចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺឃ្លង់ ដែលមកដល់ពេលនេះ ប្រទេសកម្ពុជា ស្ទើរតែអស់អ្នកជំងឺដែលមានជំងឺឃ្លង់ហើយ។

*ទី៤-សកម្មភាពរបស់មូលនិធិ នីប៉ុន ជួយដល់ស្ត្រី និងកុមារ ខាងផ្នែកមនុស្សធម៌ នៅប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទដែលជាប់ទាក់ទង