ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត វេលាម៉ោង៥ និង៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីពិតជាមានសេចក្តីក្រៀមក្រំជាអនេកចំពោះការយាងចូលទិវង្គតរបស់សម្ដេច ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស ពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្ថជាច្រើន ទាំងពុទ្ធចក្រ និងអាណាចក្រ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕