សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ត្រីរាជការត្រូវបន្តជាគំរូស្អាតស្អំ ដល់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យអស់ពីកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មន្ត្រីរាជការត្រូវបន្តជាគំរូស្អាតស្អំ ដល់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យអស់ពីកម្ពុជា។
ការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីខេត្តត្បូងឃ្មុំបានអនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចដែលបានដាក់ចេញកាលពីថ្ងៃទី២០ កុម្ភៈ ២០២៤ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News បានទទួលពី Channel Telegram របស់សម្ដេចធិបតី នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ។
រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្ត បានរៀបចំការធ្វើតេស្តសារធាតុញៀនចំពោះមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលខេត្តចំនួន២០២នាក់ (ស្ត្រី ៨៣នាក់)។ ជាលទ្ធផលនៃការធ្វើតេស្តបានរកឃើញថា មន្ត្រីទាំង ២០២នាក់ពុំមានជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់នោះទេ។
ជាមួយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានតាំងចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយនឹងបន្តរៀបចំការធ្វើតេស្តចំពោះមន្ត្រី នៅតាមបណ្តាមន្ទីរ និងអង្គភាពពាក់ព័ន្ធដទៃទៀត ចំណុះឱ្យរដ្ឋបាលខេត្ត៕