ឯកឧត្ដម ហាក់ សុខមករា បញ្ជាក់ពីស្ថានភាពអគ្គីភ័យឆាបឆេះរោងចក្រនៅស្រុកស្អាងថា កម្លាំងអាជ្ញាធរមានសមត្ថកិច្ចធ្វើការគ្រប់គ្រងបានទាំងស្រុង និងពុំបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ
ឯកឧត្ដម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះដឹកនាំអន្តរាគមន៍ជួយពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះរោងចក្រមួយកន្លែង ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ។
ក្នុងប្រតិបត្តិការអន្តរាគមន៍ជួយពន្លត់អគ្គិភ័យគឺមានរថយន្តពន្លត់អគ្គិភ័យរបស់ខេត្តកណ្តាល, រថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានអង្គរក្សរបស់រាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យរបស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ។
ក្នុងនាមរដ្ឋបាលខេត្តកណ្តាល ឯកឧត្ដម ហាក់ សុខមករា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់គណៈកម្មការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានជួយអន្តរាគមន៍ពន្លតករណីអគ្គិភ័យឆាបឆេះរោងចក្រឈ្មោះ លី អន លី ជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ។
ឯកឧត្ដម ហាក់ សុខមករា បានគូសបញ្ជាក់ឲ្យដឹងបន្ថែមថា នៅក្នុងប្រតិបត្តិការជួយពន្លត់គ្រោះអគ្គីភ័យខាងលើ កម្លាំងស្នងការនគរបាលខេត្ត បានសហការជាមួយគណៈកម្មការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ និងបានសហការពន្លត់អគ្គិភ័យដោយប្រេីប្រាស់ទឹកអស់២៣ឡាន ប្រេីប្រាស់រថយន្តអគ្គិភ័យសរុប១៣គ្រឿង រួមមាន៖ *១-នាយកដ្ឋានពន្លត់អគ្គិភ័យ ០៣គ្រឿង, *២-ស្នងការខេត្ត០៣គ្រឿង, *៣-គ្រោះមហន្តរាយ០៣គ្រឿង, *៤-ក្រុងស្រុក០៤គ្រឿង គឺរថយន្តរបស់ស្រុកស្អាង,កោះធំ,កណ្តាលស្ទឹង និងកៀនស្វាយ និងបានប្រើប្រាស់រថយន្តដឹកសម្ភារៈ ចំនួន០២គ្រឿង។
ឯកឧត្ដម ហាក់ សុខមករា បានបញ្ជាក់ឲ្យដឹងទៀតថា គិតមកដល់ម៉ោង ៧៖០០នាទីយប់ ស្ថានភាពអគ្គីភ័យត្រូវបានកម្លាំងអាជ្ញាធរមានសមត្ថកិច្ចធ្វើការគ្រប់គ្រងបានទាំងស្រុង ដោយគ្មានគ្រោះដល់អាយុជីវិតមនុស្សឡើយ៕