CDCយកចិត្តទុកដាក់លើការធ្វើឌីជីថលូបនីយកម្ម តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online) ដើម្បីជំរុញទាក់ទាញវិនិយោគិន

 

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃគម្រោងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (Qualified Investment Project Online)។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក.អ.ក. ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានដឹកនាំដោយផ្ទាល់ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យមើលវឌ្ឍនភាពថ្មីៗ និងផ្តល់នូវអនុសាសន៍ណែនាំនានា ដល់ក្រុមការងារបច្ចេកទេសឌីជីថល លើការងារធ្វើទំនើបកម្មប្រព័ន្ធ QIP Online ធ្វើយ៉ាងណាដើម្បីឱ្យប្រព័ន្ធនេះធានាបាននូវបរិយាបន្ន និងអាចអនុវត្តបានលទ្ធផលល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់ ពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ឆ្លៀតក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រព័ន្ធ QIP Online នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសមាជិកអង្គប្រជុំ ក៏បានពិនិត្យ និងផ្ដល់អនុសាសន៍ណែនាំមួយចំនួន លើផែនការទំនាក់ទនងសាធារណៈ តាមរយៈការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយ បង្ហាញពីកាលានុវត្តភាព សក្តានុពល និងស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដល់វិនិយោគិន ក្រៅអំពីការរៀបចំឱ្យបានរួចរាល់នូវបច្ចេកវិទ្យាស្នូលរបស់ស្ថាប័ន។

សូមជម្រាបថា ប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online) គឺជាប្រព័ន្ធដែលអនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) របស់ខ្លួន ទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានកាន់តែងាយស្រួល ឆាប់រហ័ស និងតម្លាភាព តាមរយៈប្រព័ន្ធអនឡាញ។

គម្រោងធ្វើទំនើបកម្មប្រព័ន្ធ QIP Online នេះ ជាគម្រោងសំខាន់មួយ ជាចក្ខុវិស័យវែងឆ្ងាយ និងជាការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីជំរុញចក្ខុវិស័យឌីជីថលូបនីយកម្មក្នុងស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុវត្តស្របតាមអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”៕

អត្ថបទដែលជាប់ទាក់ទង