ACU ចូលរួមសង្កេតការណ៍ប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពី ការដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល។ ដំណើរការណ៍ប្រឡងប្រជែងនេះ ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំប្រកបដោយថាមពល និងប៉ិនប្រសព្វរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានដាក់ចេញនូវបទប្បញ្ញត្តិ និងសេចក្តីណែនាំនានា ស្របតាមគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដើម្បីធានាថាលទ្ធផលនៃការប្រឡងប្រជែងត្រូវទទួលបានការជឿទុកចិត្ត និងសាទរពីមហាជន ស្របតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា (អ.ប.ព.) ដឹកនាំដោយ ឯកឧត្តម កែវ ធីវុធ ឧបការី នៃ អ.ប.ព. និងជាប្រធានក្រុមការងារសង្កេតការណ៍ប្រឡងនេះ រួមជាមួយសហការីចំនួន ៥៧ រូប ចូលរួមសង្កេតការណ៍លើដំណើការប្រឡងសំណេរ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ១២:៣០ថ្ងៃត្រង់ ដល់ម៉ោង ៥:៣០ នាទីល្ងាច នៅសាលាភូមិន្ទរដ្ឋបាល។

ការប្រឡងប្រជែងនេះ មានបេក្ខជនដាក់ពាក្យសរុប ១,៤២៤នាក់ ស្រីចំនួន ៥៣៨នាក់ ជ្រើសរើសចំនួន ៩៩នាក់ ស្មើនឹង ៦.៩៥% នៃបេក្ខជនដែលទទួលបានសិទ្ធប្រឡង។ បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសា ចំនួន ០៣ រួមមាន៖ វិញ្ញាសាចំណេះដឹងទូទៅ វិញ្ញាសាជំនាញ និងវិញ្ញាសាភាសាអង់គ្លេស៕

អត្ថបទដែលជាប់ទាក់ទង