ចាប់ឃាត់ខ្លួនអ្នកដំណើរ២នាក់ រត់ពន្ធគ្រឿងញៀនទៅប្រទេសកូរ៉េ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីនៃនាយកដ្ឋានគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ កាលពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ បានឃាត់ត្រួតពិនិត្យអ្នកដំណើរសញ្ជាតិកូរ៉េចំនួន ២នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ ZA215 ក្នុងគោលដៅឆ្ពោះទៅប្រទេសកូរ៉េ។ តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយនិងរដ្ឋាករបានរកឃើញម្សៅពណ៌សជាច្រើនកញ្ចប់ រុំជាប់នឹងដងខ្លួនរបស់អ្នកដំណើរទាំងពីរ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ។
ប្រភពបន្តថា តាមលទ្ធផលតេស្តបឋមដោយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះជាគ្រឿងញៀនប្រភេទ Methamphetamine ទម្ងន់ ១ ២៩០,៧៩ ក្រាម និងប្រភេទ Katamine ទម្ងន់ ៩៨៧,៤២ ក្រាម។ បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង និងសម្ភាររបស់ជនសង្ស័យ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕