កម្ពុជានឹងក្លាយជាគោលដៅដ៏ទាក់ទាញ សម្រាប់ការបណ្តាក់ទុនវិនិយោគ តាមរយៈការអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល
ក្នុងវេទិកាធុរកិច្ច អូស្ត្រាលី-កម្ពុជា នាទីក្រុងមែលប៊ន ប្រទេសអូស្ដ្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាគោលដៅដ៏ទាក់ទាញ សម្រាប់ការបណ្តាក់ទុនវិនិយោគ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រដ្ឋាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយធុរកិច្ច និងអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាដល់អាជីវកម្ម និងការវិនិយោគដែលទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជា ដែលមានការរៀបចំវេទិការរដ្ឋាភិបាល និងវិស័យឯកជនជាភស្តុតាង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាគោលដៅដ៏ទាក់ទាញ ដែលផ្តល់នូវមធ្យោបាយ សម្រាប់ការបណ្តាក់ទុនវិនិយោគដែលមានផលចំណេញ ដូចជាការវិនិយោគរបស់អ្នកជាដើម»។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កាលពីប៉ុន្មានខែមុន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្ដេចបានធ្វើជាអធិបតី ក្នុងវេទិការរដ្ឋាភិបាល-វិស័យឯកជនលើកទី ១៩ ដែលរដ្ឋបានដាក់ចេញនូវកំណែទម្រង់សំខាន់ៗជាច្រើន ក្នុងវិស័យចំនួន១០ ដែលទាក់ទងនឹងអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។
សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាល មានជំនឿយ៉ាងមុតមាំថា វិស័យឯកជនដែលរីកចម្រើន គឺមានសារៈសំខាន់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ រដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញបរិយាកាសអំណោយផល ដល់អាជីវកម្ម និងការវិនិយោគ។
សម្តេចធិបតីបានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តនេះបង្ហាញឲ្យឃើញនៅក្នុងច្បាប់ថ្មី របស់កម្ពុជា ស្តីពីពន្ធដារ ដែលជំរុញឲ្យមានតម្លាភាព និងរចនាសម្ព័ន្ធពន្ធដ៏គួរឲ្យទាក់ទាញ និងច្បាប់ថ្មី ស្តីពីការវិនិយោគ ដែលផ្តល់ជូននូវគោលការណ៍លើកទឹកចិត្តដ៏ឆ្លាតវៃ និងអំណោយផល ព្រមទាំងសេវាកម្មថែទាំអ្នកវិនិយោគជាច្រើនទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការចេញផ្សាយសៀវភៅណែនាំ ស្តីពីការវិនិយោគនៅកម្ពុជាថ្មី ដែលរៀបចំដោយ DFAT របស់អូស្ត្រាលី និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៣ បានបម្រើជាការណែនាំ ដ៏ទូលំទូលាយសម្រាប់អ្នកវិនិយោគនាពេលអនាគត។
រាជរដ្ឋាភិបាល បាននិងកំពុងខិតខំធានាថា ធុរកិច្ច និងការវិនិយោគក្នុងប្រទេសកម្ពុជា មានលទ្ធភាពល្អទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ និងកត្តាចាំបាច់នានា។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា សមាជិកភាព នៅក្នុងកិច្ចព្រមព្រៀងពានិជ្ជកម្មសេរី (FTA) ទាំងទ្វេភាគី និងពហុភាគីសំខាន់ៗ ផ្តល់ឱកាសមិនគួរឲ្យជឿ សម្រាប់អាជីវកម្មនាំចេញ ការកំណត់ទីតាំងអាជីវកម្ម និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា សម្រាប់ភាពជោគជ័យរយៈពេលវែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការវិនិយោគដែលកំពុងដំណើរការរបស់កម្ពុជា លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន ផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ក៏ដូចជាមជ្ឈមណ្ឌលដឹកជញ្ជូន បានតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់ខ្លួនយ៉ាងរលូន ជាមួយនឹងមជ្ឈមណ្ឌលសេដ្ឋកិច្ច និងច្រករបៀងសំខាន់ៗទាំងក្នុងប្រទេស និងតំបន់៕