បង្ក្រាបបានរថយន្ដដឹកលើសទម្ងន់កម្រិតកំណត់២គ្រឿង ពិន័យ និងឃាត់ទុក១ឆ្នាំ ស្រុកបាណន់ ខេត្តបាត់ដំបង
កាលពីថ្ងៃទី០២-០៣ ខែមីនា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ បានដឹកនាំសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធចុះត្រួតពិនិត្យទម្ងន់យានយន្តនៅក្នុងភូមិសាស្រ្ត ស្រុកបាណន់ ខេត្តបាត់ដំបង និងស្រុកវាលវែង ខេត្តពោធិ៍សាត់ សរុបបានចំនួន ០៥គ្រឿង ក្នុងនោះដោយមានរថយន្ត ០៣ គ្រឿងលើសទម្ងន់កម្រិតកំណត់។
ក្នុងចំណោមរថយន្តទាំង០៣គ្រឿង មានរថយន្ត០២គ្រឿង ត្រូវពិន័យ និងឃាត់ទុក១ឆ្នាំ ដែលឃាត់បាននៅស្រុកបាណន់ ខេត្តបាត់ដំបង និងរថយន្ត ០១គ្រឿងទៀត ត្រូវបានពិន័យ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។រថយន្តល្មើសទាំង ០២គ្រឿងខាងលើ បានដឹកលើស ២០% នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
ទន្ទឹមនឹងនេះ ក្រសួងសូមស្នើដោយទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ នៅពេលមាន ការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ផងដែរ។
ជាថ្មីម្តងទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា៖ ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕