ក្រុមប៉ូលិសខេត្តកណ្ដាលចាប់ឃាត់ខ្លួនបុរសម្នាក់នៅស្រុកកៀនស្វាយនិងបញ្ជូនទៅតុលាការឲ្យចាត់ការតាមច្បាប់ពាក់ព័ន្ធលួចកាយអាចម៌ដីរបស់គេ

កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានចាប់និងបញ្ជូនខ្លួនបុរសម្នាក់ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីលួចកាយអាចម៌ដីរបស់អ្នកដទៃអស់ប្រហែល៣០០ឡាន និងបទប្រើប្រាស់អំពើហិង្សាលើអ្នកកាន់កាប់ដី នៅស្រុកកៀនស្វាយ។

ប្រភពបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ លុក វណ្ណថន អាយុ៦៥ឆ្នាំ រស់នៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប្រភពបន្តថា ជនសង្ស័យជាអ្នកបញ្ជាឲ្យកាយអាចម៌ដីលក់ ហើយកាលពីអំឡុងឆ្នាំ២០២៣ បានទៅលួចកាយអាចម៌ដីរបស់ជនរងគ្រោះដែលជាម្ចាស់ដីស្របច្បាប់ អស់ប្រហែល៣០០ឡាន និងធ្វើឲ្យខូចខាតដល់ទ្រង់ទ្រាយដីរបស់គេបាក់ចូលទឹកទន្លេ។

ប្រភពបានឲ្យដឹងបន្តទៀតថា ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីជួយអន្ដរាគមន៍តាមផ្លូវច្បាប់ រហូតត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការតែម្ដង ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង