តំណាងអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់តំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ

តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៣២អនក្រ.តត ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការសម្រេចតែងតាំងលោកស្រី ម៉ាក់ សំណាង ឋានន្តរសក្តិ៍វរមន្ត្រីថ្នាក់លេខ២ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។

នាឳកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ សូមអបអរសាទរលោកស្រី ម៉ាក សំណាង ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ នាពេលនេះ ដើម្បីចូលរួមចំណែកដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ ត្រូវយកចិត្តទុកដាក់ ដើម្បីអនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការអភិវឌ្ឍ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។

ជាមួយនោះ ឯកឧត្តម ប្រាក់ សំអឿន បានធ្វើការផ្តាំផ្ញើលោកស្រី ម៉ាក សំណាង ដែលទើបទទួលមុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួសលោកស្រី ហៀក ហ៊ីមុល្លី ដែលត្រូវបានផ្ទេរភារកិច្ចឱ្យទៅបំរើការជាទីប្រឹក្សាក្រសួងមហាផ្ទៃ ហើយការតែងតាំងមុខតំណែងនេះ ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ សមត្ថភាព បទពិសោធន៍ការងារ។

ឯកឧត្តម ប្រាក់ សំអឿន បានបន្តថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រី ហៀក ហ៊ីមុល្លី ដែលបានខិតខំបំពេញការងារក្នុងការចូលរួមដឹកនាំកសាង និងអភិវឌ្ឍខេត្តក្នុងមុខតំណែងជាអភិបាលរងខេត្ត ធ្វើឱ្យខេត្តមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនាពេលកន្លងមក។

ឯកឧត្តមបានកោតសរសើរ វាយតម្លៃរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការថែរក្សានូវសុខសន្តិសុខ សុវត្ថិភាពសង្គមក្នុងក្របខណ្ឌខេត្តបានល្អប្រសើរ ពិសេសការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៥ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់បោះឆ្នោត សរបញ្ជាក់ពីការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសពរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនក្នុងការដឹកនាំប្រទេសមានការអភិវឌ្ឍរីកចម្រើនសម្រាប់ការបោះឆ្នោតអសកល ប៉ុន្តែតម្លៃនៃការបោះឆ្នោតមានអត្ថប្រយោជន៍ធំធេងក្នុងការគ្រប់គ្រងរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ។ សមិទ្ធផល និងស្នាដៃដែលរដ្ឋបាលខេត្តព្រះសីហនុសម្រេចបាននាពេលកន្លងមក ពិតជាបានចូលរួមចំណែកក្នុងការពង្រឹងសន្តិភាព ស្ថេរភាពសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍរីកចម្រើន។ និងអបអរសាទររដ្ឋបាលខេត្តព្រះសីហនុទទួលបានពានរង្វាន់សេវាសង្គមជើងឯកលើសេវាសង្គមចំណាត់ថ្នាក់លេខ២ សូមឱ្យរដ្ឋបាលរាជធានី ខេត្តត្រូវយកចិត្តទុកដាក់ រៀនសូត្រពីខេត្តព្រះសីហនុ ក្នុងការអនុវត្តការងារសេវាសង្គមឱ្យបានល្អ។ ព្រមទាំងបានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តព្រះសីហនុ បន្តខិតខំបង្ហាញពីស្នាដៃ និងសមិទ្ធផលដែលរដ្ឋបាលខេត្តអនុវត្តនាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន យើងក៏កំពុងគិតគូរការប្រឡងប្រណាំងភូមិ ឃុំមានសុវត្ថិភាព និងសេវារដ្ឋបាលល្អ ដែលជាគោលនយោបាយមួយដែលមានលក្ខណៈល្អសម្រាប់អនុត្តតាមរាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង