សម្តេចធិបតី ហ៊ុន ម៉ាណែត លើកយកសុភាសិតខ្មែរ «ទំពាំងស្នងឫស្សី»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពី សុភាសិតខ្មែរ «ទំពាំងស្នងឫស្សី» ដែលត្រូវបានប្រើប្រាស់គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ បានបន្តក្លាយជាគោលការណ៍យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គ្រប់នីតិកាល ហើយនៅនីតិកាលទី៧នៃរដ្ឋសភានេះ បញ្ចកោណយុទ្ធសាស្ត្រទី១នៃ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» បានកំណត់ច្បាស់ពីការបន្តផ្តោតអាទិភាពទៅលើការអភិវឌ្ឍធនធានមនុស្ស ដែលជាលក្ខខណ្ឌស្លាប់រស់សម្រាប់ជំរុញផលិតភាព, ពិពិធកម្មសេដ្ឋកិច្ច និង ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា វិស័យសិល្បៈ និងវប្បធម៌ ជាផ្នែកមួយនៃអាទិភាពរបស់រាជរដ្ឋាភិបាល ដែលម្យ៉ាង, សំដៅទៅដល់កិច្ចការការពារអត្តសញ្ញាណជាតិ និង ប្រជាជន។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានពាំនាំនូវក្ដីនឹករឭក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ សិល្បការិនីទាំងអស់ ដែលកន្លងមកជារៀងរាល់ឆ្នាំ ទោះជាមានភាពមមាញឹកយ៉ាងណាក៏ សម្ដេចតេជោ មិនអាក់ខានក្នុងការចូលរួមពិធីដ៏មានសារៈសំខាន់ នៃទិវាវប្បធម៌ជាតិនេះ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើការថ្លែងអំណរគុណជាថ្មី ចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំ របស់សិល្បករ-សិល្បការិនី, ទាំងក្នុង និងក្រៅប្រព័ន្ធ និងគ្រប់ទម្រង់សកម្មភាពវប្បធម៌ និង សិល្បៈ, ជាពិសេស ជោគជ័យនៃការសម្តែងប្រកបដោយទេពកោសល្យ និង វប្បធម៌ខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលកន្លងទៅ ក៏ដូចជាព្រឹត្តិការណ៍ផ្សេងៗទៀត, ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលបានរៀបចំ, ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេស៕

អត្ថបទដែលជាប់ទាក់ទង