អបអរសាទរ “សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក” ត្រូវបានព្រឹទ្ធសភា បោះឆ្នោតអនុម័តទាំងស្រុងលើខ្លឹមសារទាំងមូលដោយឥតកែប្រែ ក្នុងសម័យប្រជុំជាវិសាមញ្ញ
សូមអបអរសាទរ “សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក” ត្រូវបានព្រឹទ្ធសភា បោះឆ្នោតអនុម័តទាំងស្រុងលើខ្លឹមសារទាំងមូលដោយឥតកែប្រែ ក្នុងសម័យប្រជុំជាវិសាមញ្ញ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤។
តាមរយៈការឯកភាពទាំងស្រុងពីខាងព្រឹទ្ធសភា លើសេចក្តីព្រាងច្បាប់នេះ បានបង្ហាញឱ្យឃើញថា សេចក្តីព្រាងច្បាប់មួយកញ្ចប់ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានខិតខំប្រឹងប្រែងរៀបចំតាក់តែងដោយបានឆ្លងកាត់ការពិនិត្យផ្ទៀងផ្ទាត់ ផ្តល់យោបល់ និងកែសម្រួលពីគ្រប់ស្ថាប័នពាក់ព័ន្ធ គឺពិតជាមានភាពត្រឹមត្រូវ ពេញលេញ គ្រប់ជ្រុងជ្រោយ និងធានាបាននូវឧត្តមានុវត្ត និងឧត្តមប្រយោជន៍ជូនជាតិ ទាំងក្នុងទិដ្ឋភាពសង្គម និងសេដ្ឋកិច្ច ដោយស្របទៅតាមអាទិភាពដែលបានកំណត់ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ត្រង់បញ្ចកោណទី២ មុំទី២ ចំណុចទី៤ ដែលបានរំលេចយ៉ាងច្បាស់ ពីការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ។
“សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក” ត្រូវបានតាក់តែងឡើងដើម្បីកំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ អន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សេចក្តីព្រាងច្បាប់នេះ មាន១៨ជំពូក និង២៧៥មាត្រា នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗ ដូចខាងក្រោម៖
*ទី១៖ ធានាឱ្យមានការគ្រប់គ្រងនាវា នាវិក កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រួមទាំងផ្នែកពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព។
*ទី២៖ ផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែរជានាវិក ដើម្បីបម្រើការងារនៅលើនាវាដែលធ្វើនាវាចរណ៍នៅក្នុង និងក្រៅប្រទេស។
*ទី៣៖ ជំរុញការវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ជាអាទិ៍ ការបង្កើតក្រុមហ៊ុននាវាចរណ៍ សេវាកម្ម នាវាចរណ៍ យានដ្ឋាននាវាសម្រាប់ផលិត និងជួសជុលនាវា ការសាងសង់ និងធ្វើប្រតិបត្តិការឋបនីយ ភណ្ឌផែ ការបង្កើត និងធ្វើប្រតិបត្តិការគ្រឹះស្ថានបណ្តុះបណ្តាលនាវិក។
*ទី៤៖ ជំរុញការប្រើប្រាស់ផ្លូវទឹកឱ្យមានភាពរស់រវើក សម្រាលបន្ទុកនៃការប្រើប្រាស់ផ្លូវថ្នល់ ដើម្បីរួមចំណែក កាត់បន្ថយចំណាយរបស់រដ្ឋ ក្នុងការជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
*ទី៥៖ ជំរុញឱ្យមានការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយដែលជាផ្នែកដ៏សំខាន់មិនអាចខ្វះបាន ស្របតាម ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣- ២០៣៣ របស់រាជរដ្ឋាភិបាល។
*ទី៦៖ ចូលរួមបំពេញកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជាសមាជិកនៃអង្គការអន្តរជាតិលើ វិស័យដឹកជញ្ជូនតាមផ្លូវទឹក។
គួរជម្រាបថា៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង តំណាងរាជរដ្ឋាភិបាល ឡើងការពារ និងបំភ្លឺលើ “សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក” ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា។
ជាលទ្ធផល សេចក្តីព្រាងច្បាប់នេះ ត្រូវបានអង្គប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ អនុម័តទាំងស្រុងលើខ្លឹមសារទាំងមូលដោយឥតកែប្រែ ដោយទទួលបានការបោះឆ្នោតយល់ព្រម ៥៧សម្លេង នៃចំនួនសមាជិក សមាជិកាព្រឹទ្ធសភាសរុប៕