អនុប្រធានពន្ធនាគារខេត្តកណ្ដាលម្នាក់ស្រវឹងស្រាបើកបរប្រជែងគ្នានៅលើស្ពានព្រែកសំរោងបណ្ដាលឲ្យបុកអ្នកបើកបរម៉ូតូម្នាក់ស្លាប់ក្នុងថ្លុកឈាមភ្លាមៗ

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ឈ្មោះ ថុង ចំរើន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបណ្ដាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនៅវេលាម៉ោង២០៖១០នាទី ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើស្ពានព្រែកសំរោង លើកកំណាត់ផ្លូវលេខ១១៥ ស្ថិតនៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងបន្តថា អ្នកបើកបររថយន្តខាងលើ ជាអនុប្រធានពន្ធនាគារខេត្តកណ្ដាលដែលស្រវឹងស្រា មានកម្រឹតជាតិអាលកុល 0.402mg/l ហើយបានបើកបរវ៉ាជែងគ្នានៅលើស្ពានព្រែកសំរោង ខណៈច្បាប់ចរាចរណ៍ផ្លូវគោកហាមមិនឲ្យអ្នកបើកបរធ្វើការវ៉ាជែងគ្នានៅលើស្ពានឡើយ ប៉ុន្តែដោយអ្នកបើកបររូបនេះទំនងជាខឹងរថយន្តមួយគ្រឿងទៀត ទើបបើកបរវ៉ាជែងគ្នារហូតបណ្ដាលឲ្យជ្រុលទៅបុកអ្នកបើកបរម៉ូតូឲ្យស្លាប់ក្នុងថ្លុកឈាមភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា វេលាម៉ោង២០៖១០នាទី ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើស្ពានព្រែកសំរោង លើកកំណាត់ផ្លូវលេខ១១៥ ស្ថិតនៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានរថយន្តមួយគ្រឿងម៉ាក LEXUS RX 300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AN-0814 អ្នកបើកបររថយន្តឈ្មោះ ថុង ចំរើន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានបើកបរមានទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកប្រជែង(វ៉ា)រថយន្តមួយគ្រឿងទៀត ក៏បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1HU-6643 បើកបរមានទិសដៅពី កើត មកលិច បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ ប្រភពបន្តថា មូលហេតុបណ្ដាលមកពីអ្នកបើកបររថយន្តបើកបរប្រជែង(វ៉ា)ក្នុងស្ថានភាពគ្រោះថ្នាក់ទើបបានបុកជាមួយម៉ូតូតែម្តង។

ប្រភពខាងលើបន្តថា សាកសពត្រូវបានប្រគល់ជូនឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះការខូចខាតមានរថយន្តតូចធ្ងន់ចំនួន០១គ្រឿងនិងម៉ូតូធ្ងន់០១គ្រឿង។ ដោយឡែកធ្យោបាយពាក់ព័ន្ធខាងលើត្រូវបានកម្លាំងមន្ត្រីនគរបាលក្រុងតាខ្មៅយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង