ក្រុមប៉ូលិសស្រុកគិរីវង់ឃាត់ខ្លួននារីម្នាក់ជាបុគ្គលិកអ្នកកាន់កុំព្យូទ័រ ល្បែងជល់មាន់អនឡាញ៨៨

ល្បែងស៊ីសង ជល់មាន់ អនឡាញ៨៨ មួយកន្លែងលួចបើកផ្គើនផ្ទុយពីអនុសាសន៍សម្តេចមហាបវរអធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវសមត្ថកិច្ចស្រុកគិរីវង់ក្របួចយកមកទាំងសម្ភារ: និងនាំយកបុគ្គលិកនារីមកផងដែរ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ។

ប្រភពបន្តថា ស្រុកគិរីវង់ដោយបានទទួលបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១១៖៥០នាទី ថ្ងៃសុក្រទី១៥ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកបានបញ្ជាឲ្យលោកវរសេនីយ៍ទោ យ៉ាងតារា និងលោកវរសេនីយ៍ត្រី នៅ នី អធិការរង សហការជាមួយកម្លាំងអន្តរាគមន៍ ចុះបង្ក្រាបល្បែងស៊ីសងជល់មាន់អនឡាញ៨៨ មួយកន្លែងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភិន ឈិញ ភេទស្រី អាយុ២០ឆ្នាំ មុខរបរជាបុគ្គលិកអ្នកកាន់កុំព្យូទ័រ ល្បែងជល់មាន់អនឡាញ៨៨ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងពេលចុះបង្រ្កាបសមត្ថកិច្ចយើងធ្វើការដកហូតសម្ភារ:វត្ថុតាងរួមមានដូចជា៖ កុំព្យូទ័រលើតុចំនួន០១គ្រឿង, សម្ភារ:សម្រាប់បម្រើឲ្យមាន់អនឡាញមួយចំនួន ហើយសមត្ថកិច្ចយើងបាននាំខ្លួននារីបុគ្គលិកអ្នកកាន់ម៉ាស៊ីនយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង