សមាគមឧកញ៉ាកម្ពុជាចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបញ្ចប់គោរមងារ «ឧកញ៉ា»

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ សមាគមឧកញ៉ាកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាន។

សមាគមឧកញ៉ាកម្ពុជាបានឲ្យដឹងថា យោងតាមមាត្រា១៩ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា បានបញ្ញត្តិពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងភាពជាតំណាងគោរមវន្តទាំងអស់ នៅព្រះរាជណាចក្រកម្ពុជា និងភាពជាដៃគូរបស់រាជរដ្ឋាភិបាល។

សមាគមឧកញ៉ាកម្ពុជាក៏ជាសមាជិកគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា (គ.ព.វ.គ) ដែលគណៈកម្មការនេះ នឹងត្រូវរៀបចំអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ផងដែរ។

យោងតាមមាត្រា២២ នៃព្រះរាជក្រឹត្យដដែលបានបញ្ញត្តិថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។

ជាមួយគ្នានោះដែរមាត្រា២៣ បានបញ្ញត្តិ ពីការបញ្ចប់គោរមងារឧកញ៉ា ដែលស្ថិតក្នុងករណីណាមួយដូចខាងក្រោម៖
-គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត
-គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ
-គោរមវន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ
-ត្រូវបានរកឃើញថាគោរមវន្តបានប្រព្រឹត្តល្មើសនឹងមាត្រា២២ នៃព្រះរាជក្រឹត្យខាងលើ
-ត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់គោរមវន្តមានការក្លែងបន្លំ

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម អ្នកឧកញ៉ា ឧកញ៉ា និងសាធារណជន ទាំងអស់មេត្តាជ្រាបជាព័ត៌មានតាមការគួរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា តាមរយៈលេខទូរស័ព្ទ ០១២ ៨១០ ៨១១ នៅរៀងរាល់ម៉ោងធ្វើការ៕

 

អត្ថបទដែលជាប់ទាក់ទង