ឯកឧត្តម ផូវ សំភី ទទួលស្វាគមន៍សាស្រ្តាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យ Nagoya នៃប្រទេសជប៉ុន ដែលមកបំពេញទស្សនកិច្ចសិក្សានៅក្រសួងយុត្តិធម៌
ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ ឯកឧត្តម ផូវ សំភី នៅព្រឹកទី១៥ ខែមីនា ឆ្នាំ២០២៤ បានទទួលស្វាគមន៍សាស្រ្តាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យ Nagoya នៃប្រទេសជប៉ុន ដែលមកបំពេញទស្សនកិច្ចសិក្សានៅក្រសួងយុត្តិធម៌។
ក្នុងកិច្ចការទទួលស្វាគមន៍ខាងលើ ក៏មានការចូលរួមពីឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងវិស័យយុត្តិធម៌ ព្រមទាំងមន្ត្រីនៃអគ្គនាយកដ្ឋានរដ្ឋបាលតុលាការ។
នៅក្នុងជំនួបខាងលើនេះ ក៏បានពិភាក្សាលើរបៀបវារៈមួយចំនួន ដូចខាងក្រោម៖
*ទី១៖ អំពីការធ្វើទំនើបកម្មប្រព័ន្ធតុលាការនៃព្រះរាជាណាចក្រកម្ពុជា។
*ទី២៖ អំពីគម្រោងនៃការអនុវត្តយន្តការតុលាការអេឡិចត្រូនិក។
*ទី៣៖ អំពីសំណើសុំជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីគាំទ្រការអនុវត្តយន្តការតុលាការអេឡិចត្រូនិក។
*ទី៤៖ អំពីគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យ Nagoya នៃប្រទេសជប៉ុន ពាក់ព័ន្ធនឹងកម្មវិធីផ្លាស់ប្តូរការសិក្សាជូនដល់មន្ត្រីបច្ចេកទេសនៅតាមរដ្ឋបាលតុលាការ។
*ទី៥៖ អំពីគម្រោងនៃការចុះអនុស្សរណៈយោគយល់គ្នារវាងសាលាច្បាប់នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងសាកលវិទ្យាល័យ Nagoya នៃប្រទេសជប៉ុន ដើម្បីបង្កើតកម្មវិធីសិក្សា និងស្រាវជ្រាវរួមគ្នា លើប្រពន្ធច្បាប់កម្ពុជា និងជប៉ុន៕