លោកស្នងការខេត្តព្រៃវែងត្រូវបានគេជេរម្តាយរបស់លោកទាំងយប់ ខណៈលោកបានដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍ពន្លត់អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅស្រុកស្វាយអន្ទរ
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តបានគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះថា «គេជេរម្តាយខ្ញុំទាំងយប់[…] ភារកិច្ចមិនមែនសម្តែងកុន ដោយយកជីវិតទៅជួយ ចុះហេតុអ្វីបានជេរម្តាយខ្ញុំ? ដូចនេះខ្ញុំមិនលើកលែងអ្នកឡើយ!»។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ។
គួរជម្រាបជូនថាកាលពីវេលាម៉ោង១៩៖៥៥នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចុះជួយអន្តរាគន៍ពន្លត់ដោយផ្ទាល់ករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង ស្ថិតនៅភូមិស្វាយអន្ទរ១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បើតាមរបាយការណ៍បឋមរបស់នគរបាលស្រុកស្វាយអន្ទរ បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ខាន់ ភារុន និងប្រពន្ធឈ្មោះ សន សុភាព។
សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យបានកើតឡើង ខណៈពេលដែលម្ចាស់ផ្ទះមិននៅផ្ទះ ហើយមូលហេតុដែលបណ្តាលឲ្យកើតមានអគ្គិភ័យ គឺដោយសារឆ្លងចរន្តអគ្គីសនី។
គួរជម្រាបថា សមត្ថកិច្ចជំនាញបានគ្រប់គ្រងស្ថានការណ៍ទាំងស្រុងនៅវេលាម៉ោង១២៖៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៣គ្រឿង រួមមាន៖ រថយន្តអគ្គិភ័យខេត្ត រថយន្តអគ្គិភ័យស្រុកស្វាយអន្ទរ និងរថយន្តអគ្គិភ័យស្រុកផ្សេងៗ ដោយប្រើប្រាស់ទឹកអស់ចំនួន ៥៧ឡាន និងបានពន្លត់ទាំងស្រុងមិនបណ្តាលឲ្យឆ្លងទៅផ្ទះអ្នកដទៃ។
បើតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Loa Mekly» បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដោយភ្ជាប់ជាមួយខ្លឹមសារថា «រូបភាព១សន្លឺកនេះ ធ្វើឲ្យនាងខ្ញុំនិងក្រុមគ្រួសារពិតជាមានការគោរពនិងកោតសរសើរលោកស្នងការខ្លាំងណាស់ លោកដឹកនាំផ្ទាល់ ឡើងជញ្ជាំងផ្ទាល់ ទៅពន្លត់អគ្គីភ័យនៅផ្ទះនាងខ្ញុយប់មិញនេះ នាងខ្ញុំនិងក្រុមគ្រួសារ រួមទាំងបងប្អូននៅស្រុកស្វាយអន្ទរ ពិតជាគោរពនិង អរគុណលោកខ្លាំងណាស់»៕