ឯកឧត្តម ប៉េង ពោធិ៍នា បង្ហាញនូវសុទិដ្ឋិនិយមថានឹងជួយពង្រឹងការអនុវត្តតួនាទីការងារបច្ចេកទេស និងភារកិច្ចដែលក្រសួងបានប្រគល់ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ជាមន្រ្តីអធិការកិច្ចផ្លូវថ្នល់
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការបំពេញមុខងារជានគរបាលយុត្តិធម៌ដល់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ដោយមានការចូលរួមពី ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមតំណាងក្រសួងយុត្តិធម៌ និងជាវាគ្មិនកិត្តិយស ព្រមទាំង ឯកឧត្តម លោក លោកស្រី ជាមន្ត្រីអធិការកិច្ចផ្លូវថ្នល់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប ១៣៤រូប។
វគ្គបណ្តុះបណ្តាលនេះ គឺជាការៀបចំលើកដំបូង បន្ទាប់ពីមន្រ្តីអធិការកិច្ចផ្លូវថ្នល់របស់ក្រសួង ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌កាលពីឆ្នាំ២០២២ កន្លងទៅ តាមរយៈប្រកាសអន្តរក្រសួង លេខ ១៨៣ កយ.ប្រក/២២ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងយុត្តិធម៌ ដោយរំពឹងថានឹងផ្តល់លទ្ធភាពយ៉ាងពេញលេញដល់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ លើការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក្នុងការជំរុញការអនុវត្តច្បាប់ស្ដីពីផ្លូវថ្នល់ ព្រមទាំងរួមចំណែកក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់ស្តីពីផ្លូវថ្នល់ លិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធដែលបានកំណត់។
តាមរយៈរបាយការណ៍សង្ខេបដោយ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនីតិកម្ម បានរាយការណ៍ជូនអង្គពិធីឱ្យបានជ្រាបផងដែរអំពីចំណុចសំខាន់ធំៗ ០៣ ដែលរួមមាន៖ (១)សាវតារ និងដំណើរការនៃការរៀបចំមន្ត្រីអធិការកិច្ចផ្លូវថ្នល់ (២)ការរៀបចំលិខិតបទដ្ឋាគតិយុត្តពាក់ព័ន្ធសម្រាប់គាំទ្រឱ្យមន្ត្រីអធិការកិច្ចផ្លូវថ្នល់ និង (៣)សារៈសំខាន់របស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមទៅលើវគ្គបណ្តុះបណ្តាលនេះ ថានឹងជួយពង្រឹងការអនុវត្តតួនាទីការងារបច្ចេកទេស និងភារកិច្ចដែលក្រសួងបានប្រគល់ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ជាមន្រ្តីអធិការកិច្ចផ្លូវថ្នល់ ដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យទៅតាមផែនការសកម្មភាពការងារដែលបានគ្រោងទុក និងសម្រេចបាននូវសមិទ្ធផលការងារថ្មីៗបន្ថែមជូនក្រសួង និងរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់សិក្ខាកាមដែលបានចូលរួម ត្រូវយកចិត្តទុកដាក់ឱ្យបានសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេស និងបទពិសោធន៍ថ្មីៗ ហើយត្រូវនាំយកនូវពុទ្ធិល្អៗ ដែលទទួលពីវគ្គបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ក្នុងការបំពេញការងាររបស់ខ្លួនឱ្យបានកាន់តែប្រសើរ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសបន្តដឹកនាំ គ្រប់គ្រង និងចុះអនុវត្តការទប់ស្កាត់សកម្មភាពល្មើសផ្សេងៗឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីធានាបាននូវគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយគុណភាព ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានអាយុកាលប្រើប្រាស់បានយូរអង្វែង៕