ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សម្រេចដកលោក អាង ណារិទ្ធ ចេញពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យហើយ

នៅទីបំផុត, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីសម្រេចសម្រួលភារកិច្ចលោក អាង ណារិទ្ធ ពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យឱ្យមកបម្រើការងារនៅទីស្តីការក្រសួងវិញ។ នេះបើតាមប្រកាសរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ។

គួរជម្រាបជូនថា លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យត្រូវបានមន្ត្រីរាជការក្រោមឳវាទនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យផ្តិតមេដៃស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីដើម្បីសុំផ្លាស់ប្តូរចេញ។

តាមពាក្យស្នើសុំ និងមេដៃផ្លាស់ប្តូរចេញនេះ ដោយសារលោក អាង ណារិទ្ធ ប្រធានមន្ទីរ គ្មានភាពជាអ្នកដឹកនាំក្នុងមន្ទីរ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ក្នុងខ្លួន និយាយស្តីទៅកាន់មន្ត្រីក្រោមឱវាទអសុរោះ មើលងាយមន្ត្រីក្រោមឱវាទ និងស៊ីដាច់លុយការងារមន្ត្រី ធ្វើការមិនទទួលការងារខុសត្រូវ ពេលមានរឿងទម្លាក់លើកូនចៅជាអ្នកទទួលខុស។

គួរជម្រាបជូនផងដែរថា ក្រោយពីមន្ត្រីរាជការក្រោមឱវាទផ្តិតមេដៃ និងធ្វើពាក្យស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានចាត់តាំងមន្ត្រីថ្នាក់ជាតិចុះធ្វើអធិការកិច្ច និងស្រាវជ្រាវ ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ អន្តរក្រសួង និងខេត្តបានប្រជុំសម្រេចផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទី និងអនុប្រធាន ៥នាក់ ព្រមទាំងប្រធានការិយាល័យ២នាក់ ត្រូវបានផ្លាស់ប្តូរទៅបម្រើការងារនៅក្រសួងរៀបចំដែនដី និងចាត់មន្ត្រីខេត្ត១រូប ស្តីទីដើម្បីបម្រើការងារបន្ត៕

អត្ថបទដែលជាប់ទាក់ទង