លោក ចាន់ តារា៖ ក្រោមដំបូលសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រុងអរិយក្សត្រមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងជាបន្តបន្ទាប់
លោក ចាន់ តារា បានគូសបញ្ជាក់ថា «ក្រោមដំបូលសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអនុវត្តកម្មវិធីនយោបាយ និងដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ សំដៅជំរុញកំណើន សេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព នៃការអភិវឌ្ឍ ដោយធានារក្សាឱ្យបាន នូវសុខសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងគ្រឹះរឹងមាំសម្រាប់រុញច្រានប្រទេសកម្ពុជាឱ្យឈានទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០, ប្រជាជនមានជីវភាពធូរធារ, ចំណេះដឹងខ្ពស់, សីលធម៌ ល្អប្រពៃ និងរស់នៅក្នុងបរិស្ថានដែលមានផាសុកភាព និងមានកិត្យានុភាពលើឆាកអន្តរជាតិ។ លោកអភិបាលបន្តថា ក្រុងអរិយក្សត្រនៃខេត្តកណ្តាល ដែលជាក្រុងទើបបង្កើតថ្មី ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងមានការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានធ្វើឱ្យក្រុងអរិយក្សត្រមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងទទួលបានសមិទ្ធផលជាច្រើន កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងជាបន្តបន្ទាប់។ លោកបន្តថា ក្រុងអរិយក្សត្រ គឺជាក្រុងមួយក្នុងចំណោមស្រុក ក្រុងទាំង១៣ នៃខេត្តកណ្តាល ស្ថិតនៅប៉ែកខាងកើត នៃ រាជធានីភ្នំពេញ លាតសន្ធឹងតាមបណ្តោយដងទន្លេមេគង្គលើ, ទន្លេមេគង្គក្រោម និងទន្លេតូច មានព្រំប្រទល់៖ ខាងជើងជាប់នឹងស្រុកខ្សាច់កណ្តាល, ខាងត្បូងជាប់នឹងស្រុកល្វាឯម ខេត្តកណ្តាល, ខាងកើតជាប់នឹងស្រុក ពារាំង ខេត្តព្រៃវែង ខណ្ឌដោយទន្លេតូច, ខាងលិចជាប់នឹងរាជធានីភ្នំពេញ ខណ្ឌដោយទន្លេចតុមុខ។ ក្រុងចែកចេញជា ១១សង្កាត់ ៤២ភូមិ មានផ្ទៃដីសរុប ១៩៩.៣១ គ.ម២ ប្រជាជនសរុប ៨៦ ៥៣៤នាក់ ស្រី៤៤ ២១៧នាក់ ចំនួនគ្រួសារ ១៩ ៦៧៤គ្រួសារ មានដង់ស៊ីតេ ៤៥២នាក់/គម។ មុខរបរចម្បងរបស់ប្រជា ពលរដ្ឋ រួមមាន ប្រជាពលរដ្ឋ ៣២% ប្រកបរបរកសិកម្ម និង៦៨% ប្រកបរបរអាជីវកម្ម សិប្បកម្ម និងមន្ត្រីរាជការ។ ២.ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយមានការដឹកនាំផ្ទាល់ពី ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបា លខេត្ត កងកម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង និងដោយមានកិច្ចសហការយ៉ាងស្អិតរមួតជាប្រចាំរវាង អាជ្ញាធរ សង្កាត់ នគរបាលរដ្ឋបាលប៉ុស្តិ៍ ប្រជាការពារភូមិនៃសង្កាត់ទាំង១១ បានលើកកម្ពស់ការអនុវត្តនូវគោល នយោបាយ «ភូមិឃុំសង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល យ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ គ្មានសកម្មភាពបទល្មើស លួច ឆក់ ប្លន់ គួរ ឱ្យកត់សម្គាល់ឡើយ ដោយកងកម្លាំងសមត្ថកិច្ច បានរៀបចំផែនការប្រទាក់ក្រឡានៅតាមតំបន់ងាយរងគ្រោះ និងចេញល្បាតជាប់ជាប្រចាំ ព្រមទាំងដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាតិអាកុល គ្រឿងញៀន និងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវជាតិសំខាន់ៗ សំដៅបង្ការ ទប់ស្កាត់ និងកាត់បន្ថយបាននូវគ្រោះថ្នាក់ ចរាចរណ៍ និងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន។ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានផ្សព្វផ្សាយគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្តិភាព តាមរយៈការធ្វើវេទិកាសាធារណៈ និងពង្រឹងចលនាប្រជាការពារក្នុង មូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទមិនឱ្យកើតមាននៅតាមមូលដ្ឋានសង្កាត់នីមួយៗ។ ៣. ការងារផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយការិយាល័យច្រកចេញចូលតែមួយក្រុងអរិយក្សត្រ បានសម្របសម្រួលផ្តល់ព័ត៌មានច្បាស់លាស់អំពីសេវា រដ្ឋបាលផ្តល់ភាពងាយស្រួល មានប្រសិទ្ធភាព គុណភាព និងតម្លាភាព នៃកាផ្តល់សេវារដ្ឋបាលជូនពលរដ្ឋក្នុងមូលដ្ឋានក្រុងបានយ៉ាងល្អប្រសើរ។ ការិយាល័យច្រកចេញចូលតែមួយក្រុងអរិយក្សត្រក៏ប្រកាន់យកនូវអភិក្រមធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អ។ ក្នុងឆ្នាំ២០២៣ កន្លងទៅ ការិយាល័យច្រកចេញចូលតែមួយ បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានចំនួន៦, ៤២៣ សេវា ដោយទទួលបានចំណូលបង់ចូលថវិការដ្ឋចំនួន ២៥,២៦៣,០០០ រៀល។ ការងារសម្រុះសម្រួលវិវាទមូលដ្ឋាន បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋពាក់ព័ន្ធ ករណីទំនាស់ដីធ្លី សរុបចំនួន ៤១ករណី (ករណីសល់ពីស្រុកល្វាឯមចំនួន១២ករណី និងសល់ពីស្រុកខ្សាច់កណ្តាលចំនួន ១៥ករណី)»។
លោក ចាន់ តារា បានបន្តឲ្យដឹងទៀតថា ក្រុមចុះបញ្ជីក្រុងអរិយក្សត្រ បានបង្កើតនៅខែឧសភា ឆ្នាំ២០០៣ និងបានដំណើរការចុះបញ្ជីលក្ខណៈ ប្រព័ន្ធ និងបានចែកប័ណ្ណ រួចរាល់ចំនួន ០៣សង្កាត់ រួមមាន៖ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ និងសង្កាត់ ពាមឧកញ៉ាអុង ក្នុងនោះ បានចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៩ ៤០៣ ប័ណ្ណ ក្នុងនោះសង្កាត់ អរិយក្សត្រមានចំនួន ២ ៨២១ ប័ណ្ណ សង្កាត់សារិកាកែវ មានចំនួន៤ ២៩១ ប័ណ្ណ និងសង្កាត់ពាមឧកញ៉ាអុង មានចំនួន ២ ២៩១ ប័ណ្ណ។ បច្ចុប្បន្ន ក្រុមការងារបាន និងកំពុងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅសង្កាត់ ចំនួន ៨បន្ថែមទៀត។ ដោយឡែកនៅភូមិខ្ពប សង្កាត់កោះឧកញ៉ាតី ក្រុមការងារចុះបញ្ជីដីបានចាប់ផ្តើមអង្កេត វាស់វែងប្រមូលទិន្នន័យចាប់តាំងពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ រហូតមក ជាលទ្ធផល៖ កំណត់ព្រំ ៤៨៣ក្បាលដី, វិនិច្ឆ័យ ៤៨៣ក្បាលដី, ប្រមូលទិន្នន័យ ៤៨៣ក្បាលដី, ក្បាលដីមិនចូលរួម ២៣ក្បាលដី, ដីមានវិវាទ ១០ក្បាលដី និងចេញប័ណ្ណបានចំនួន ៤៦០ប័ណ្ណ ដែលឯកឧត្តមគណៈអធិបតី នឹងចែកប័ណ្ណវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនម្ចាស់កម្មសិទ្ធិ ក្នុងពេលបន្តិចទៀតនេះ។ លោកបន្ថែមថា ក្នុងនាមរដ្ឋបាលក្រុងអរិយក្សត្រ រដ្ឋបាលសង្កាត់កោះឧកញ៉ាតី និងបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ អចលនវត្ថុទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងមន្ត្រីជំនាញក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំងអស់ ដែលបានផ្ត ល់អាទិភាពដល់ក្រុងអរិយក្សត្រ ធ្វើការចុះដីលក្ខណៈជាប្រព័ន្ធ ដោយបានវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិដីជូន ប្រជាពលរដ្ឋ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តម គង់ សោភ័ណ្ឌ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ផ្តល់កិត្តិយសចែកប័ណ្ណកម្មសិទ្ធិដោយផ្ទាល់ ជូនប្រជា ពលរដ្ឋនៅក្នុងភូមិខ្ពប សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ នាឱកាសនេះ។
គួរជម្រាបថា ការលើកឡើងរបស់លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិខ្ពប សង្កាត់កោះឧកញ៉ាតីក្រុងអរិយក្សត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល៕