អធិការរងក្រុងប៉ោយប៉ែត លោកវរសេនីយ៍ទោ សន ធឿន ត្រូវបានស្នងការដ្ឋានខេត្តបន្ទាយមានជ័យធ្វើលិខិតឲ្យចូលបំភ្លឺ២លើកហើយ ប៉ុន្តែសាមីខ្លួនមិនបានចូលបំភ្លឺឡើយ

 

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបំភ្លឺថា៖ លោកវរសេនីយ៍ទោ សន ធឿន ពិតជាមានតួនាទីជា អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតពិតប្រាកដមែន។ ស្នងការបានទទួលរបាយការណ៍ស្តីអំពីភាពអសកម្មការងារដោយមិនដឹងមូលហេតុរបស់លោកវរសេនីយ៍ទោ សន ធឿន និងបានធ្វើលិខិតអញ្ជើញលោកអោយមកបំភ្លឺចំនួន០២លើក ប៉ុន្តែសាមីខ្លួនមិនបានមកបំភ្លឺតាមការអញ្ជើញរបស់ស្នងការនគរបាលខេត្តឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យបានបន្តថា អនុវត្តតាមបទវិន័យនគរបាលជាតិកម្ពុជា ស្នងការនគរបាលខេត្តបន្ទាយមានជ័យកន្លងមកបានធ្វើការរៀបចំប្រជុំ ក្រុមប្រឹក្សាវិន័យរួចហើយ ពីភាពអសកម្មក្នុងការបំពេញការងារ របស់ លោកវរសេនីយ៍ទោ សន ធឿន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក៏បានបញ្ជាក់ផងដែរជុំការលើកឡើងរបស់ហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ (Pheng Vannak) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៩៖៣០នាទី ដែលបានសរសេរបង្ហោះថា ជំរាបសួរ លោក វរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត តើលោកសុខសប្បាយជាទេ? ប្រជាពលរដ្ឋរងគ្រោះផ្តល់ព័ត៌មានមកថា លោក វរសេនីយ៍ទោ យកលុយគាត់ ១៨០០០ដុល្លា ដោយសន្យាថារត់ការយកកូនគាត់ចូលបំរើក្របខណ្ឌនគរបាលជាតិ។ ឥលូវរត់ការមិនបាន មិនអោយលុយគាត់វិញ ហើយដេញគាត់អោយ ទៅប្តឹងដល់ណាប្តឹងទៅ? ខ្ញុំបាទទទួលព័ត៌មាននេះ និងបានបញ្ជូនបន្ត ទៅលោកស្នងការខេត្តបន្ទាយមានជ័យ សំណូមពរអោយជួយពិនិត្យ មើលករណីនេះ ហើយបើ លោកអធិការរងក្រុងប៉ោយប៉ែត យកលុយជនរងគ្រោះមែន សូមប្រគល់ជូនគាត់វិញ។

ក្នុងករណីនេះ  ស្នងការនគរបាលខេត្តនឹងស្រាវជ្រាវឲ្យបាន គ្រប់ជ្រុងជ្រោយ ដើម្បីចាត់ការ តាមនីតិវិធី។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មាន៖

អត្ថបទដែលជាប់ទាក់ទង