ចាប់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព
អនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ កងរាជអាវុធហត្ថខេត្តបាត់ដំបងបានដឹកនាំកម្លាំងចុះបង្រ្កាបករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖
*ទី១៖ឈ្មោះ កាន់ យ៉ុង អាយុ៥០ឆ្នាំ មុខរបរឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល។
*ទី២៖ឈ្មោះ សួង តារា អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ដោយដកហូតវត្ថុតាងមួយចំនួនរួមមាន៖ មួកកាសស្កេតពណ៌ត្រេអ៊ី២, សម្លៀកបំពាក់យោធាលេខ៣ (២កំប្លេរ), ខ្សែក្រវ៉ាត់យោធា១, ស័ក្ដិ២គូ, គ្រឿងឥស្សរិយស២ផ្ទាំង, ផ្លាកឈ្មោះ១, សញ្ញាអគ្គបញ្ជាការ២, សញ្ញាកងយោធពលខេមរភូមិន្ទ២, ស៊ីងកាំភ្លើងពាក់កអាវ២គូ, សញ្ញាកងការពារព្រំដែន១ (ក្រណាត់), សេចក្ដីសម្រេចតែងតាំង២សន្លឹក, លិខិតបញ្ជាបេសកកម្ម១សន្លឹក, Laptob ១គ្រឿង, រថយន្ដ១គ្រឿង ម៉ាក់ហាយឡិនឌឺពណ៌ទឹកប្រាក់សេរីឆ្នាំ២០០៤ ស្លាកលេខ ភ្នំពេញ2AG-8425 និងលិខិតធានាមិនទាន់បំពេញ៣សន្លឹក។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធី៕