តំណាងដ៏ខ្ពង់ខ្ពស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ឯកឧត្តម ឯម ច័ន្ទមករា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងអភិវឌ្ឍន៍ជនបទ
តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការបានអញ្ជើញជាចូលរួមក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤នេះ។
នៅក្នុងពិធីបិទអង្គសន្និបាត សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់ជនបទកម្ពុជាបាន និង កំពុងប្រែប្រួល និង ផ្លាស់ប្ដូរមុខមាត់ថ្មី ពីមួយ ថ្ងៃទៅមួយថ្ងៃ ហើយកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍ និងភាពស៊ីវិល័យលើគ្រប់វិស័យ។ អត្រាគ្របដណ្ដប់នៃការប្រើប្រាស់ទឹកស្អាត និង បង្គន់អនាម័យ បានកើនប្រមាណ ៨៥% ដែលបញ្ជាក់ពីការរស់នៅប្រកបដោយផាសុកភាពរបស់ប្រជាជន នៅតំបន់ជនបទ រួមនឹងមានមុខរបរ និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល, លើកកម្ពស់ជីវភាព និង ចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ។ សម្តេចធិបតិបានបន្ត រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងដឹកនាំប្រទេសលើមាគ៌ាដ៏ត្រឹមត្រូវ ដែលបន្តកេរដំណែលជាប្រវត្តិសាស្ត្រពីរាជរដ្ឋាភិបាលនីតិកាលទី ៦, ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យទទួលបាននូវ សុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ នៅទូទាំងប្រទេស ។ រាជរដ្ឋាភិបាលថ្មី ប្ដេជ្ញាចិត្តឥតងាករេ បន្តថែរក្សាសុខសន្តិភាព និង អនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាឆ្លើយតបទៅនឹង សំណូមពរ និង សេចក្តីត្រូវការរបស់ប្រជាជន បើទោះបីជាស្ថិតក្នុងបរិការណ៍ដែលពិភពលោក មានការប្រែប្រួល និង មានភាពមិនប្រាកដប្រជាក៏ដោយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មីបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍន៍នៅទីជនបទធ្វើយ៉ាងណាកាត់បន្ថយគម្លាតនៃការរស់នៅរវាងប្រជាពលរដ្ឋនៅទីជនបទ និងទីក្រុង។
សម្តេចធិបតីបន្តថា គិតត្រឹមឆ្នាំ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ផ្លូវជនបទ បានជាង ៥ម៉ឺនគីឡូម៉ែត្រ គ្រប់ដណ្តប់ជាង ៧០ភាគរយ នៅទូទាំងប្រទេស។ រាជរដ្ឋាភិបាលនីតិកាលថ្មី នឹងបន្តការអភិវឌ្ឍន៍នៅទីជនបទបន្ថែមទៀត ដើម្បីលើកកម្ពស់ការរស់នៅ របស់ប្រជាពលរដ្ឋនៅទីជនបទឱ្យកាន់តែល្អប្រសើរ។
សម្តេចធិបតីបានបន្តថា រាជរដ្ឋាភិបាលមានគោលដៅកសាងបុរីជនបទ ដែលជាគម្រោងរៀបចំភូមិឋានប្រជាពលរដ្ឋតាមទីជនបទឱ្យល្អប្រសើរ។ គោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញទាំងឡាយ គឺដើម្បីប្រជាពលរដ្ឋ។ ការបញ្ជាក់នេះ តបទៅនឹងមតិពលរដ្ឋម្នាក់ថា រាជរដ្ឋាភិបាលអត់ធ្វើអ្វីដែលប្រជាពលរដ្ឋចង់បាន។
សម្តេចធិបតីបានថ្លែងបន្តថា នៅឆ្នាំនេះសម្តេចអញ្ជើញចូលរួមបិទសន្និបាតតាមក្រសួងស្ទើរគ្រប់ក្រសួង ព្រោះជាឆ្នាំដំបូងនៃការដឹកនាំជាតិ ដែលត្រូវបង្ហាញមុខ និងអរគុណមន្ត្រីរាជការ។ ចាប់ពីឆ្នាំក្រោយទៅ នឹងឱ្យឧបនាយករដ្ឋមន្ត្រីតំណាងវិញ។ សម្តេចបានណែនាំឱ្យក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ធ្វើផ្លូវមិនទាន់ធ្វើ ពង្រឹងគុណភាពផ្លូវដែលមានហើយ ហើយបន្តយកចិត្តទុកដាក់កសាងបណ្តាញទឹកស្អាត និងបង្គន់អនាម័យជូនពលរដ្ឋតាមទីជនបទ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានបញ្ជាក់យ៉ាងច្បាស់អំពីការបន្តជំរុញការអនុវត្តយុទ្ធសាស្ត អភិវឌ្ឍជនបទ តាមរយៈ៖ ទី១. ការបន្តកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតលើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ, ទី២. បន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជន នៅជនបទតាមរយៈការពង្រីកវិសាលភាព នៃការអភិវឌ្ឍការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ, ទី៣. បន្តជំរុញការធ្វើពិពិធកម្ម សកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីឱ្យសហគមន៍ជនបទមានជីវភាពសមរម្យ តាមរយៈការបង្កើត និងពង្រីកមុខរបរ ក៏ដូចជាបង្កើនប្រាក់ចំណូលបន្ថែម និង ទី៤. បន្តអភិវឌ្ឍជនជាតិដើមភាគតិចឱ្យមានភាពរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌៕