ពលរដ្ឋបានថ្លែងអំណរគុណដល់ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំងដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់ថ្នាក់ដឹកនាំប្រកបដោយស្មារតីម្ចាស់ការ ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការស្វែងរកយុត្តិធម៌ជូនពួកគាត់
ប្រជាពលរដ្ឋបានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង រួមទាំងថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីរាជការនៃសាលាដំបូងខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់ថ្នាក់ដឹកនាំប្រកបដោយស្មារតីម្ចាស់ការ ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។
គួបបញ្ជាក់ផងដែរថា ក្នុងសំណុំរឿងបញ្ចប់វិវាទខាងលើនេះ ដើមចោទឈ្មោះ លីវ ចានឌឿន និងចុងចម្លើយឈ្មោះ ចាប ច័ន្ទតូ បានព្រមព្រៀងបញ្ចប់វិវាទដ៏រាំរ៉ៃលើការទាមទារដី រវវាងគ្នានឹងគ្នា ដែលជាម្ដាយមីង និងក្មួយ ក្រោមការដឹកនាំផ្សះផ្សាសម្របសម្រួលដោយឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងជាចៅក្រមទទួលបន្ទុក ដោយមានលោក ស៊ាង សំភស់ ជាក្រឡាបញ្ជីអម។ ក្នុងនាមគូភាគីនៃវិវាទ ពិតជាសូមកោតសរសើរយ៉ាងក្រៃលែងចំពោះទឹកចិត្ត និងស្មារតី ដ៏ថ្លៃថ្លាក្នុងការជួលផ្ដល់មធ្យោបាយ វិធីសាស្ដ្រ សម្រាប់ការដោះស្រាយវិវាទនេះ តាមរយៈការផ្សះផ្សា ដែលធ្វើឱ្យរក្សាបាននូវទំនាក់ទំនងល្អរវាងគូភាគី។
គូភាគីទាំងអស់ ព្រមទាំងមេធាវីតំណាងដោយអាណត្តិឱ្យគូភាគី សូមគោរពថ្លែងយ៉ាងអនេកប្បកាដល់ឯកឧត្តម គឹម រ័ត្នណារិន និងលោក ស៊ាង សំភស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ប្រកបដោយទេពកោសល្យ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងភាពសកម្មក្នុងការចូលរួមជួយផ្សះផ្សាសម្របសម្រួលបញ្ចប់វិវាទដោយស្ម័គ្រចិត្តរវាងគូភាគី ក៏ដូចជាអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន តាមប្រសាសន៍ដឹកនាំដ៏ថ្លៃថ្លារបស់ឯកឧត្តម កើត រិទ្ធ ឧបនាកយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដែលតែងតែលើកទឹកចិត្ត និងជំរុញឱ្យមន្ដ្រីអនុវត្តច្បាប់ខិតខំផ្សះផ្សាវិវាទឱ្យបានជោគជ័យ៕