សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៥ចំណុចសំខាន់ៗ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាព ប្រកបដោយបរិយាប័ន្ន នៅក្នុងសហគមន៍ និងក្នុងដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឱ្យបានច្រើនជាអតិបរមា
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៥ចំណុចសំខាន់ៗ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាព ប្រកបដោយបរិយាប័ន្ន នៅក្នុងសហគមន៍ និងក្នុងដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឱ្យបានច្រើនជាអតិបរមា៖
*ទី១៖ សូមណែនាំដល់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួម និងរៀបចំបទដ្ឋានគតិយុត្តគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន ជាសម្បត្តិសម្រាប់ជនមានពិការភាពរបស់យើងប្រើប្រាស់ជាបន្ត និងតរៀងទៅទាំងនាពេលបច្ចុប្បន្ន និង អនាគត ។
*ទី២៖ គ្រប់កិច្ចអភិវឌ្ឍទាំងអស់ រួមមានសកម្មភាពសង្គម សេដ្ឋកិច្ច នយោបាយ និង វប្បធម៌ ត្រូវលើកទឹកចិត្ត និង លើកកម្ពស់ឱ្យមានការចូលរួមជាអតិបរមារបស់ជនមានពិការភាពនៅកម្រិតសហគមន៍ឱ្យបានទូលំទូលាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ទាំងទិដ្ឋភាព និង តួអង្គនៃការអភិវឌ្ឍ។
*ទី៣៖ សម្តេចសូមលើកទឹកចិត្តឱ្យបន្តបង្កើនកិច្ចសហការ ក្នុងការរៀបចំការបណ្តុះបណ្តាល ជំនាញពិសេស និង ប្រើប្រាស់បច្ចេកទេសសមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើជាមួយប្រាក់បៀវត្សខ្ពស់ សំដៅ លើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ជនមានពិការភាព និងក្រុមគ្រួសារឱ្យបានកាន់តែប្រសើរ ក៏ដូចជាធ្វើឱ្យជនមានពិការភាពអាចចូលរួមកាន់តែច្រើនពេញលេញ និង ស្មើសិទ្ធិក្នុងទីផ្សារការងារនៅក្នុងវិស័យឯកជន និងសាធារណៈ។
*ទី៤៖ ដើម្បីប្រសិទ្ធភាពនៃការអនុវត្តការងារ, មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ចាំបាច់ត្រូវមានថវិកា ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាព, ជាពិសេសត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី ៦ ឆ្នាំ ២០២៩ ។ជាមួយគ្នានេះ,សម្តេចបានឯកភាពចំពោះការស្នើរបស់មជ្ឈមណ្ឌលជាតិនៃជនពិការ តេជោសែន និង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការបង្កើត «មូលនិធិកីឡាជនពិការតេជោសែន»។ សម្តេចធិបតីក៏បាន ប្រកាសផ្តល់ថវិកា២០០លានរៀលក្នុងមួយឆ្នាំដំបូង និងបន្តផ្តល់រយៈពេល៣ឆ្នាំទៀត សរុប៨០០លានរៀល ជូនមូលនិធិជនពិការសម្តេចតេជោ សម្រាប់ទ្រទ្រង់មជ្ឈមណ្ឌលនៃជនពិការតេជោសែន។
*ទី៥៖ យោងតាមសំណើរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ឯកឧត្តម យី វាសនា និង បងប្អូនមានពិការភាព,សម្តេចសូមឯកភាពធ្វើជាប្រធានកិត្តិយស នៃ មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
ការផ្ដល់អនុសាសន៍ដ៏សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាខាងលើនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងពិធីសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
នាឳកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចពិតជាមានសេចក្តីរំភើបរីករាយ ដោយបានឃើញជនមានពិការភាពនៅកម្ពុជា ចូលរួមយ៉ាងសកម្ម និងពេញលេញ នៅក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គមកម្ពុជា, ដែលនេះឆ្លុះបញ្ចាំងពីសមត្ថភាព និងសក្តានុពលរបស់ជនមានពិការភាព ស្របតាមសុភាសិត «ពិការតែកាយ ចិត្តមិនពិការឡើយ»។
សម្តេចធិបតីបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី និងបុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានប្រឹងប្រែងកសាងសមិទ្ធផលនានា។ ជនមានពិការភាពទាំងអស់មិនឯកោនោះឡើយ ពោលមានសម្តេចតេជោ និងរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងនៅជាប់ជាមួយជានិច្ច។
សម្តេចធិបតីបានថ្លែងកោតសរសើរកីឡាករ កីឡាការិនី ដែលបានប្រឹងប្រែងលើកកិត្តិយសជូនជាតិមាតុភូមិ ដោយដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡានានា។ រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ទៅលើជនមានពិការភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ ដើម្បីធ្វើឱ្យជនមានពិការភាពទាំងអស់ ទទួលបានសិទ្ធិដូចប្រជាជនដែលគ្មានពិការភាពផងដែរ រួមមាន៖ សិទ្ធិទទួលបានការអប់រំ, ការថែទាំសុខភាព, សេវាយុត្តិធម៌ និងការចូលរួមនៅក្នុងសកម្មភាព សង្គម សាសនា, កីឡា, សិល្បៈ, នយោបាយ ដោយពេញលេញ និងស្មើភាព។ រាជរដ្ឋាភិបាល «មិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោដោយគ្មានការ ជួយជ្រោមជ្រែងនោះឡើយ»
ទន្ទឹមនោះ សម្តេចបានអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីជនមានពិការភាព, អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពរបស់អង្គការសហប្រជាជាតិ និង យុទ្ធសាស្ត្រទីក្រុងអ៊ីនឈុន ដើម្បីផ្ដល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព ក៏ដូចជាបង្កើតសហគមន៍មួយដែលមានបរិយាប័ន្ន និងភាពសុខដុមសម្រាប់ ជនមានពិការភាព ស្របតាមគោលការណ៍ «គ្មានជនណាម្នាក់ត្រូវបានបោះបង់ចោល»៕