ក្លិបអ្នកកាសែតកម្ពុជាផ្តល់គន្លឺះសំខាន់ៗអំពីរបៀបសរសេរព័ត៌មានបែបខ្លីៗ តែខ្លឹមនិងទាក់ទាញ
នៅព្រឹកថ្ងៃសុក្រទី២២ ខែមីនា ឆ្នាំ២០២៤នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបើកវគ្គបណ្តុះបណ្តាលស្តីពី“សារព័ត៌មាន និងសំណេរអត្ថបទ” ដល់អ្នកសារព័ត៌មាន និងមន្រ្តីរាជការផ្នែកកិច្ចការព័ត៌មាន ចំនួន៨០រូប ដើម្បីជួយពង្រឹងសមត្ថភាពពួកគាត់ក្នុងការសរសេរព័ត៌មានឲ្យបានកាន់តែល្អ ទាក់ទាញ និងតាមវិជ្ជាជីវៈ។
នេះជាលើកទីមួយហើយដែល (ក.អ.ក) បានបើកវគ្គបណ្តុះបណ្តាលលើប្រធានបទមួយនេះឡើងដល់អ្នកសារព័ត៌មាន និងមន្រ្តីរាជការផ្នែកកិច្ចការព័ត៌មានបន្ទាប់ពីការងារផ្សព្វផ្សាយកាន់តែមានតម្រូវការធំៗទៅ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាគ្រូឧទ្ទេសនាមបានមានប្រសាសន៍ថា “វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានទូទៅ និងអ្នកដែលចង់ក្លាយជាអ្នកសរសរព័ត៌មានបែបវិជ្ជាជីវៈ”។
នៅក្នុងវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃនេះ លោក ពុយ គា ដែលជាអ្នកសារព័ត៌មានខ្មែរជើងចាស់មួយរូប និងជាប្រធានអ្នកឆ្លើយឆ្លងឲ្យទីភ្នាក់ងារព័ត៌មានក្យូដូប្រចាំនៅប្រទេសកម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ បានផ្តល់គន្លឺះសំខាន់ៗអំពីរបៀបសរសេរព័ត៌មានបែបខ្លីៗ តែខ្លឹមនិងទាក់ទាញ។
នៅក្នុងវគ្គនេះ បានផ្ដោតលើ៖ *១-របៀបសរសេរព័ត៌មានវិជ្ជាជីវៈ ប្រកបដោយក្របសីលធម៌, *២-ការផលិតព័ត៌មានដម័យឌីជីថល, *៣-អំពីការចាប់ «មុម» សរសេរព័ត៌មានខ្លីហើយខ្លឹម, *៤-ការធ្វើអត្ថាធិប្បាយក្នុងការផ្សាយផ្ទាល់(Live), *៥-ថតរូបយ៉ាងដូចម្ដេចដើម្បីយកទៅផ្សាយបាន។
ក្លិបអ្នកកាសែតកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ ដោយអ្នកសារព័ត៌មានជើងចាស់ជាច្រើនរូបដើម្បីជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មាននៅកម្ពុជាតាមលំនាំបែបវិជ្ជាជីវៈនិងគោរពក្រមសីលធម៌៕