ដឹងការពិតហើយ តាមពិតឈ្មោះ ស្លេះ ក្រីយ៉ា និងឈ្មោះ រស់ លីណា គឺមិនបានប្រព្រឹត្តអំពើឆបោកដូចពាក្យបណ្ដឹងរបស់ឈ្មោះ ប៊ុន ធៀម នោះទេ!
ភ្នំពេញ៖ នៅទីបំផុត, សភាស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើកលែងចោទប្រកាន់ឈ្មោះ ស្លេះ ក្រីយ៉ា ភេទប្រុស មុខរបរ រកស៊ី ទីលំនៅ បច្ចុប្បន្ននៅផ្លូវបេតុង សង្កាត់ព្រែកប្រាទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឈ្មោះ រស់ លីណា ភេទស្រី ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ៣៤E0E1E2 បុរីពិភពថ្មី ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទ ឆបោក ពោលគឺមិនដូចជាអ្វីដែលឈ្មោះ ប៊ុន ធៀម បានដាក់ពាក្យប្ដឹងអ្នកទាំងពីរខាងលើទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នោះទេ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ។
ផ្អែកតាមប្រភពឯកសារដែល The Mirror News ទទួលបាន ឲ្យដឹងថា ឈ្មោះ ស្លេះ ក្រីយ៉ា និងឈ្មោះ រស់ លីណា មិនបានប្រព្រឹត្តបទ ឆបោក ដែលបានចោទប្រកាន់ថា បានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ នោះទេ ព្រោះមិនមានភស្តុតាង និងមិនមានអង្គហេតុប្រព្រឹត្តបទឆបោក ទើបចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកលែងការចោទប្រកាន់ ហើយភាគីឈ្មោះ ប៊ុន ធៀម បានបន្តប្តឹងទៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ភ្នំពេញ លើដីកាសម្រេចលើកលែងចោទប្រកាន់របស់ចៅក្រមស៊ើបសួររបស់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ភ្នំពេញ មានការយល់ឃើញដូចចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញផងដែរ ពោលគឺមិនមានពិរុទ្ធភាព និងភស្តុតាងគ្រប់គ្រាន់ចោទប្រកាន់ទៅលើឈ្មោះ ស្លេះ ក្រីយ៉ា និងឈ្មោះ រស់ លីណា ពីបទឆបោកនោះទេ ហេតុដូច្នេះហើយទើប ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសភាស៊ើបសួរសម្រេចតម្កល់ដីកាលើកលែងចោទប្រកាន់របស់ចៅក្រមស៊ើបសួរទុកជាបានការដដែល។
គួររំលឹកថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះ ប៊ុន ធៀម ភេទប្រុស កើតឆ្នាំ១៩៩២ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២១១F ផ្លូវម៉ាស៊ីនទឹក ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបានដាក់ពាក្យប្ដឹងពីឈ្មោះ ស្លេះ ក្រីយ៉ា និងប្រពន្ធឈ្មោះ រស់ លីណា ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ «ឆបោក» តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕