ឯកឧត្ដម ជីន ម៉ាលីន៖ ករណីនេះ ពុំមែនជាដូចជាករណីរឿង ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់នោះទេ

ឯកឧត្ដម ជីន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា តាមព័ត៌មានដែលទទួលបានពីស្ថាប័នមានសមត្ថកិច្ច, ករណីនេះ ពុំមែនជាដូចជាករណីរឿង ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់នោះទេ តែករណីរឿងក្រុមហ៊ុន CIC គឺជាក្រុមហ៊ុនដែលមានការចុះបញ្ជីដើម្បីធ្វើការវិនិយោគ, មានក្រុមប្រឹក្សាភិបាលគ្រប់គ្រងច្បាស់លាស់ និងមានស្ថាប័នសមត្ថកិច្ច ត្រួតពិនិត្យកិច្ចការនេះ។

ឯកឧត្ដមអ្នកនាំពាក្យបានបន្តថា កន្លងមក, តាមអ្វីដែលបានដឹងគឺស្ថាប័នមានសមត្ថកិច្ចមានការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំចំពោះរឿងនេះ និងបានធ្វើការជំហានៗ និងខិតខំសម្របសម្រួលរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់។ ដូចនេះ ជាព័ត៌មានមិនពិត ដែលថា អាជ្ញាធរមានសមត្ថិកិច្ចមិនធ្វើការងារលើករណីនេះ។

ឯកឧត្ដមបានបន្ថែមថា សូមរង់ចាំមើលអ្វីដែលជាដំណោះស្រាយតាមផ្លូវច្បាប់ក្នុងរឿងនេះ ដោយអាជ្ញាធរ ហើយអ្នកវិនិយោគទាំងឡាយក្នុងក្រុមហ៊ុន CIC គួរខិតខំរកវិធីដោះស្រាយបញ្ហាក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ។ ក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ គឺត្រូវខឹតខំជាពិសេសរកឱ្យបាននូវដំណោះស្រាយដែលល្អបំផុត ដើម្បីធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់អ្នកវិនិយោគ។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាប និងរងចាំតាមដានចំណាត់ការបន្តរបស់អាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទដែលជាប់ទាក់ទង