ស្ពានអាកាស «មរតកតេជោ» ជាសមិទ្ធផលថ្មីមួយទៀតគ្រោងនឹងបើកដំណើរការសាកល្បងថ្ងៃទី១ មេសា ខាងមុខនេះ
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ដោយយោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុតចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា លើលិខិតលេខ០១៣/២៤ លស.គ ចុះថ្ងៃទី២៥ មីនា ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងបន្តថា ស្ពានអាកាស “មរតកតេជោ” កម្ពស់ពីរជាន់ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និង មហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ជាអ្នកទទួលការសាងសង់។
បច្ចុប្បន្ន ការសាងសង់ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស បានសម្រេចស្ទើរទាំងស្រុង និងនៅសេសសល់ការងារមួយចំនួនតូច ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ។ ចំពោះមុខ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និង ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ ខាងមុខ ក៏ដូចជួយដោះស្រាយការកកស្ទះចរាចរបានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំងបី សម្តេចមហាបវរ ធិបតីនាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្តោះ អាសន្ននូវស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ តទៅ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា។
គួររំលឹកថា ស្ពានអាកាស «មរតកតេជោ» ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នឹងបានសម្រេចស្ទើរទាំងស្រុង និងនៅសេសសល់ការងារមួយចំនួនតូច ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ៕