រដ្ឋមន្ត្រីមហាផ្ទៃ ស សុខា ណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពតាមកាស៊ីណូ KTV បៀរហ្គាដិន និងរង្គសាល ដើម្បីប្រឆាំងគ្រឿងញៀន និងការជួញដូរមនុស្ស

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពតាមកាស៊ីណូ KTV បៀរហ្គាដិន និងរង្គសាល ដើម្បីប្រឆាំងគ្រឿងញៀន និងការជួញដូរមនុស្ស។
ការណែនាំរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជួញដូរមនុស្ស នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្ថមឧបនាយករដ្ឋមន្ត្រីបានណែនាំយ៉ាងដូច្នេះថា៖ «សូមឱ្យបន្តយកចិត្តទុកដាក់នៅតាមរង្គសាល ហើយជាពិសេសគឺ KTV នេះ អីឡូវ KTV នេះមានការបង្ខិតបង្ខំឱ្យទៅធ្វើការនៅទីនោះ ជាពិសេសគឺស្ត្រី ហើយជាលក្ខណៈមានមេការគេមួយ លក់តាមខេត្ត ពីខេត្តមួយ ទៅខេត្តមួយ ឱ្យទៅបម្រើនៅតាមរង្គសាល ឬមួយ KTV នោះ ហើយជាពិសេសសុំឱ្យត្រួតពិនិត្យបៀរហ្គាឌិន ហើយពេលខ្លះគាត់បើកខាងមុខតែបៀរហ្គាឌិន។ ប៉ុន្តែ ខាងក្រោយមានបន្ទប់ សូមឱ្យធ្វើបច្ចុប្បន្នភាព បន្ទប់នោះដើម្បីអី? បន្ទប់ដើម្បីច្រៀង ឬធ្វើអីលើសពីនេះទៀត សូមឱ្យត្រួតពិនិត្យ»

ឯកឧត្ដមបានបន្តថា សម្រាប់ខេត្តនៅជាប់ព្រំដែន ជាពិសេសខេត្តជាប់ព្រំដែន ដែលមានកាស៉ីណូ ត្រូវតែមានភាពម៉ឹងម៉ាត់ ជាមួយម្ចាស់កាស៉ីណូ អាចទៅរួចធ្វើកិច្ចសន្យាជាមួយម្ចាស់កាស៉ីណូ ដោយបញ្ជាក់ថាមិនឱ្យមានការប្រើប្រាស់ ឬលក់គ្រឿងញៀន ខណៈប៉ុន្មានសប្តាហ៍មុននេះ សមត្ថកិច្ច បានចុះបង្ក្រាបគ្រឿងញៀនជិត៤គីឡូក្រាម គឺមានការសហការជាមួយម្ចាស់ខារ៉ាអូខេ ផងដែរ។

ឯកឧត្ដម ស សុខា បានឱ្យដឹងថា តាមរយៈការចុះបង្ក្រាបទីខារ៉ាអូមួយចំនួន សមត្ថកិច្ចក៏បានរកឃើញជនរងគ្រោះជាស្ត្រីទាំងជនជាតិខ្មែរ និងជនជាតិបរទេស ត្រូវបានមេការបង្ខិតបង្ខំដោយត្រូវបានលក់ពីកន្លែងមួយ ទៅកន្លែងមួយទៀត។

ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា ថ្មីៗនេះ សមត្ថកិច្ចជំនាញកម្ពុជា បានជួយស្ត្រីខ្មែរម្នាក់ ដែលចាញ់បោកមេខ្យល់ថារៀបអាពាហ៍ពិពាហ៍ជាមួយបុរសនៅប្រទេសចិន ប៉ុន្តែ ក្រោយស្ត្រីរង់គ្រោះបានប្តឹងមកសមត្ថកិច្ចភ្លាមៗ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ អន្តរាគមន៍ជួយសង្គ្រោះបានទាន់ពេលវេលា។ ប៉ុន្តែ ក៏នៅមានជនរង់គ្រោះជាច្រើននាក់ផ្សេងទៀតដែលបានចាញ់បោកមេខ្យល់តាមរយៈរូបភាពផ្សេងៗទៀត។

ឯកឧត្ដមអភិសន្តិបណ្ឌិតក៏បានអំពាវនាវដល់អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូពាក់ព័ន្ធសូមបន្តជួយសហការជាមួយអាជ្ញាធរកម្ពុជា ក្នុងគោលដៅដើម្បីឱ្យសម្រេចបានចក្ខុវិស័យរួមរបស់ពិភពលោក កាត់បន្ថយការជួញដូរ និងការបង្ខិតបង្ខំមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង