ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងរថយន្ដក្រុងដឹកអ្នកដំណើរ

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅលើទំព័រហ្វេសប៊ុកនាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា «ខ្ញុំនិងក្រុមការងារបាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅខេត្តពោធិ៍សាត់ នារសៀលនេះ រវាងរថភ្លើង និងរថយន្ដក្រុងដឹកអ្នកដំណើរ ដែលបណ្ដាលឱ្យមានអ្នករងរបួសជាច្រើននាក់»

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបន្តថា «ក្នុងគ្រានេះ អ្វីដែលចាំបាច់បំផុត គឺសូមអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ក៏ដូចជាមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព ជួយសម្របសម្រួលតាមស្ថានភាពចាំបាច់ និងសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានការយកចិត្តទុកដាក់ខ្ពស់បំផុត»

ឯកឧត្ដមប្រធាន ស.ស.យ.ក បានជូនពរបងប្អូនដែលរងគ្រោះទាំងអស់ សូមឆាប់បានធូរស្រាល និងឆាប់បានជាសះស្បើយក្នុងរយៈពេលដ៏ខ្លី។

គួរជម្រាបថា មានមនុស្សចំនួន៤៦នាក់បានរងរបួស ក្នុងនោះ មនុស្ស៥នាក់បានទទួលរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរក្នុងហេតុការណ៍រថភ្លើងបានបុកជាមួយរថយន្ដក្រុងដឹកអ្នកដំណើរនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់កាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ។

ក្រោយកើតហេតុគេសង្កេតឃើញវត្តមានរបស់ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានចុះទៅពិនិត្យស្ថានភាពប្រជាពលរដ្ឋរងគ្រោះ ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ និងមណ្ឌលសុខភាពឈើទុំ។

សមត្ថកិច្ចបានអះអាងថា ទាំងអ្នកបើករថយន្ដ និងអ្នកបើករថភ្លើងសុទ្ធតែរងរបួសធ្ងន់បាក់ជើងទាំង២នាក់៕

អត្ថបទដែលជាប់ទាក់ទង